អបអរសាទរ! ៣០ គ្រួសារស្រ្តីខ្មែរនៅកូរ៉េ ដែលស្ថានទូតបញ្ជូនឈ្មោះ និង៣៥គ្រួសារទៀតដែលកាកបាទក្រហមកូរ៉េ រើសផ្ទាល់ អាចទទួលបានទឹកប្រាក់ជំនួយកូវីដហើយ

កូរ៉េខាងត្បូង៖ ក្រុមការងារស្តី្រនៃស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានជូនដំណឹងថា បញ្ជីឈ្មោះទាំង៣០គ្រួសារ នៃសហគមន៍ស្ត្រីខ្មែរនៅកូរ៉េ ដែលជួបការលំបាកជីវភាពខ្លាំងក្នុងអំឡុងពេលកូវីដនេះ នឹងបានទទួលនូវគូប៉ុងទឹកប្រាក់ជាជំនួយ ដោយក្រុមការងារស្ម័គ្រចិត្តរបស់កាកបាទក្រហមកូរ៉េ នឹងអញ្ជើញយកគូប៉ុងទៅដល់ផ្ទះបងប្អូនតែម្តង ឱ្យបានមុនថ្ងៃចូលឆ្នាំកូរ៉េ នេះបើតាមការបង្ហោះចែករំលែកដោយស្ថានទូតកម្ពុជា។

ក្នុងការបង្ហោះនោះ បានឱ្យដឹងថា ក្រោមការដឹកនាំពីសំណាក់ឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងលោកស្រី ញឹម ដាវី ប្រធានក្រុមការងារស្រ្តី ក្រុមគ្រួសារទាំង៣០គ្រួសារ ដែលបានបញ្ជូនឈ្មោះមកក្រុមការងារស្តី្រនៃស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានកាកបាទក្រហមកូរ៉េទទួលយល់ព្រមហើយ។ ដូចនេះក្រុមគ្រួសារទាំង៣០នេះ និងក្រុមគ្រួសារ៣៥ទៀត ដែលកាកបាទក្រហមកូរ៉េជាអ្នកជ្រើសរើសផ្ទាល់ នឹងត្រូវម្ចាស់ជំនួយដែលសហការជាមួយស្ថានទូត ធ្វើការហៅចូលទូរស័ព្ទ និងផ្ញើសារ ដើម្បីបញ្ជាក់ព័ត៌មានដែលបានផ្តល់ជូន ហើយក្រុមការងារស្ម័គ្រចិត្តរបស់កាកបាទក្រហមកូរ៉េ នឹងអញ្ជើញយកគូប៉ុងទៅដល់ផ្ទះបងប្អូនទាំង៦៥គ្រួសារឱ្យបានមុនថ្ងៃចូលឆ្នាំកូរ៉េ។

ក្រុមការងារស្ថានទូតបានលើកឡើងថា សង្ឃឹមថាអំណោយពីស្ថានទូត និងសប្បុរសជនកូរ៉េនេះ នឹងបានជួយបន្ធូរបន្ថយការលំបាកជីវភាពរបស់បងប្អូនក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩នេះ។
ចំពោះបងប្អូនដែលទទួលបានគូប៉ុងហើយ សូមជួយផ្ញើរូបថតនៃការទទួលរួចផ្ញើមកកាន់ក្រុមការងារវិញផង។

ក្រុមការងារស្ថានទូតបានអំពាវនាវដល់បងប្អូនទាំង ៣០គ្រួសារ និង៣៥គ្រួសារទៀតជ្រើសរើសដោយកាកបាទក្រហមកូរ៉េ មេត្តាយកចិត្តទុកដាក់ពិនិត្យមើលទូរស័ព្ទឱ្យបានហ្មត់ចត់ ទាំងការហៅចូល និងសារ ចៀសវាងការទុកទូរស័ព្ទចោល មិនបានលើក នាំអោយខកខានជាយថាហេតុ។

Leave a Reply

Your email address will not be published. Required fields are marked *