លោក ឡុង ឌីម៉ង់៖ ពលករខ្មែរនៅក្វាងជូជាប់លេខ១ លើការអត់ធ្មត់ តស៊ូ និងគោរពច្បាប់ តែក៏មានបញ្ហាចោទមួយចំនួនលើពលករខុសច្បាប់ដែរ

កូរ៉េខាងត្បូង៖ ពលករខ្មែរដែលបាន និងកំពុងរស់នៅធ្វើការក្នុងទីក្រុងក្វាងជូ ប្រមាណ១២០០នាក់ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជាពលករដែលមានការអត់ធ្មត់ ប្រឹងប្រែង តស៊ូ និងគោរពច្បាប់ ក្នុងបណ្ដាពលករជនជាតិផ្សេងទៀត នេះបើតាមការបញ្ជាក់របស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក។

លោកទូត ឡុង ឌីម៉ង់បញ្ជាក់បែបនេះ ក្រោយពីបានជួបពិភាក្សាការងារជាមួយអគ្គនាយកនៃទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្ស HRD Korea ប្រចាំទីក្រុងក្វាងជូ ដែលជាស្ថាប័នគ្រប់គ្រងពលករអន្តោប្រវេសន៍ លោកស្រី Jeong Eun-hee។ ក្នុឱកាសជំនួបនៅតំបន់ក្វាងជូធំ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកស្រីអគ្គនាយកនៃទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្ស HRD Korea បានសម្ដែងនូវការអរគុណ និងគាំទ្រជាមួយស្ថានទូតកម្ពុជា ក្នុងកិច្ចការងារដោះស្រាយ-គាំពារ ធ្វើយ៉ាងណាលើកកម្ពស់ស្ថានភាពរស់នៅ ក៏ដូចជាលក្ខខណ្ឌការងារដល់ពលករខ្មែរនៅកូរ៉េ ជាពិសេសនៅតំបន់ក្វាងជូធំនេះ។

យ៉ាងណាមិញ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងពលករកម្ពុជាយើង ហើយបញ្ហាពលករខុសច្បាប់ ក៏នៅតែជាបញ្ហាប្រឈមមួយដែលភាគីទាំងពីរបានពិភាក្សាគ្នា ដោយឯកភាពថា បញ្ហាបង្កើន ឬផ្អាកកូតាផ្ដល់ឲ្យកម្ពុជា គឺអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងក៏ដូចជាលទ្ធផលនៃការកាត់បន្ថយចំនួនពលករខុសច្បាប់នៅលើទឹកដីកូរ៉េនេះ។

ម្យ៉ាងវិញទៀតពលករខុសច្បាប់នឹងអាចមានការប្រឈមបញ្ហាផ្លូវច្បាប់ ក៏ដូចជាការរំលោភបំពានសិទ្ធិ ការដែលមិនអាចទទួលបាននូវអត្ថប្រយោជន៍ ឬការគាំពារផ្សេងៗផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *