កូរ៉េខាងត្បូង៖ នាពេលចុងសប្តាហ៍នេះ ឯកអគ្គរាជទូត និងមន្ត្រីក្រុមការងារស្ថានទូតបានចុះទៅដល់តំបន់ក្វាងជូធំ 062 ជួបសំណេះសំណាល ចែករំលែកព័ត៌មានផ្សេងៗទាក់ទិននឹងស្ថានភាពកូវីដ ក៏ដូចជាផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកូរ៉េ ព្រមទាំងកិច្ចការងារបម្រើសេវាផ្សេងៗពីសំណាក់ស្ថានទូត ជូនដល់បងប្អូនពលករដែលកំពុងស្នាក់នៅក្នុងផ្ទះបណ្ដោះអាសន្នរបស់ស្ថានទូត បើតាមការចែករំលែក្នុងទំព័រហ្វេសប៊ុករបស់លោកទូត ឡុង ឌីម៉ង់នារសៀលនេះ។
តាមរយៈការចែករំលែកក្នុងទំព័រហ្វេសប៊ុក នាពេលបន្ទាប់ពីបានជួបជាមួយបងប្អូនពលករដែលកំពុងស្នាក់នៅក្នុងផ្ទះបណ្ដោះអាសន្នរបស់ស្ថានទូតហើយ ឯកអគ្គរាជទូតនិងក្រុមការងារក៏បានទៅថ្វាយបង្គំព្រះតេជគុណ ប៊ុត ចំរើន ដែលជាព្រះសង្ឃខ្មែរ និមន្តមកគង់នៅរៀនសូត្រក្នុងទីក្រុងក្វាងជូនេះ។
ក្រៅពីនោះទៀត នាពេលល្ងាច ក្រុមការងារស្ថានទូតបានទៅជួបក៏ដូចជាស្វែងយល់ពីស្ថានភាពរស់នៅ ធ្វើការរបស់ពលរដ្ឋខ្មែរយើងមួយចំនួននៅទីក្រុងម៉ុកផូ ដែលជាទីក្រុងមួយនៅភាគខាងត្បូងឆៀងខាងលិចនៃឧបទ្វីបកូរ៉េ ដែលជាទីក្រុងឧស្សាហកម្មផលិតកប៉ាល់ទឹកដ៏ល្បី។ នៅទីនោះក៏មានភោជនីយដ្ឋាននិងផ្សារម៉ាត លក់ផលិតផលខ្មែរយើងមួយចំនួនផងដែរ។