ចែករំលែក! រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចបន្តអនុវត្តវិធានការគម្លាតសង្គមបច្ចុប្បន្ន ២ សប្តាហ៍បន្ថែមទៀត រហូតដល់ផុតពិធីបុណ្យចូលឆ្នាំចិន

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េសម្រេចអនុវត្តបន្តវិធានការគម្លាតសង្គមដែលមានស្រាប់បច្ចុប្បន្ននេះ រហូតដល់ពីរសប្តាហ៍ទៀត ដើម្បីអាចគ្រប់គ្រងហានិភ័យដែលអាចកើតឡើងក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ តាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តាមរយៈការប្រកាសបន្តអនុវត្ត​នេះ មានន័យថាប្រទេសកូរ៉េនឹងបន្តអនុវត្តវិធានការគម្លាតសង្គមកម្រិត២.៥ នៅក្នុងតំបន់ទីក្រុងសេអ៊ូល និងតំបន់ជុំវិញ និងកម្រិត២ សម្រាប់នៅតំបន់ដទៃទៀតទូទាំងប្រទេសទៀត។ វិធានការ​នេះនឹងបន្តអនុវត្តរហូតដល់ថ្ងៃទី១៤ កុម្ភៈ ចំនឹងថ្ងៃចុងក្រោយនៃពិធីចូលឆ្នាំចិនផងដែរ តាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េ។

ក្នុងនោះដែរ ការជួបជុំគ្នាលើសពី៤នាក់ ក៏នឹងត្រូវបន្តហាមឃាត់រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈផងដែរ ជាវិធានការតឹងរ៉ឹងដែលបានអនុវត្តអស់ជាងមួយខែមកហើយតាំងពីមុនពេលឆ្លងឆ្នាំ២០២១មកម្លេះ។

វិធានការនេះអាចជាដំណើរការសម្របសម្រួលមួយដើម្បីឱ្យកូរ៉េខាងត្បូងអាចឈានទៅដល់ការផ្តល់វ៉ាក់សាំងនាពេលខាងមុខក្នុងខែកុម្ភៈខាងមុខ រួមនឹងការចូលបវេសនកាលថ្មីនាខែមីនាខាងមុខផងដែរ។

លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានលើកឡើងថា រលកទី៣នៃជំងឺកូវីដ-១៩ ថ្វីត្បិតតែហាក់ដូចជាបានរលត់ផុតទៅហើយក៏ដោយ តែឥឡូវនេះរលកនៃជំងឺនេះហាក់ដូចជាត្រឡប់មកវិញហើយ ដូចនេះហើយរដ្ឋាភិបាលសម្រេចបន្តដាក់ចេញនូវវិធានការគម្លាតសង្គមឱ្យអនុវត្តបន្តទៀតរយៈពេល២សប្តាហ៍រហូតដល់ផុតពិធីបុណ្យចូលឆ្នាំចិនខាងមុខ។ ជាក់ស្តែងថ្មីៗនេះ បន្តមានករណីឆ្លងជាសហគមន៍នៅតាមទីតាំងផ្សេងៗដូចជា សាលាបង្រៀនសាសនា និងមន្ទីរពេទ្យជាដើម ដែលបន្តជាហានិភ័យ និងក្តីបារម្ភសម្រាប់រដ្ឋាភិបាលកូរ៉េ។

កន្លងមកក្នុងរលកទី៣នៃជំងឺកូវីដកាលពីចុងឆ្នាំ២០២០ គេឃើញថាករណីឆ្លងកើនច្រើនបំផុតដល់ទៅ ១២៤១ ករណីក្នុងថ្ងៃទី២៥ ខែធ្នូ ហើយបានធ្លាក់បន្តិចម្តងៗរហូតដល់ចំណុចទាបជាងគេនៅត្រឹម ៣៤៦ករណីកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃនេះ ករណីឆ្លងថ្មីបន្តនៅប្រហាក់ប្រហែលជាង ៤០០ករណីដដែល។ លើសពីនោះទៀត ទិន្នន័យបង្ហាញថាថ្មីៗនេះ កម្រិតនៃការឆ្លងបន្តមេរោគកូវីដពីអ្នកជំងឺម្នាក់ ទៅអ្នកដទៃទៀតជាមធ្យមបានកើនទិន្នន័យផងដែរ ដោយរកឃើញថាយ៉ាងហោចណាស់អ្នកជំងឺម្នាក់ បានឆ្លងបន្តទៅអ្នកដទៃទៀត ១ ករណីដូចគ្នា ដែលតួលេខនេះខ្ពស់ជាងពេលកន្លងទៅ។

នៅក្នុងថ្ងៃអាទិត្យនេះ ករណីកូវីដឆ្លងថ្មីមានចំ​នួន ៣៥៥ ករណី ដែលក្នុងនោះ ៣២៥ ករណីជាករណីឆ្លងក្នុងស្រុក ហើយករណីសរុបកើនដល់ ៧៨,២០៥ករណីហើយ។

Leave a Reply

Your email address will not be published. Required fields are marked *