កូរ៉េខាងត្បូង៖ ក្រុងខ្វាងជូ បានសម្រេចចេញវិធានការថ្មីផ្អាកឱ្យមានដំណើរការពិធីសាសនាជួបជុំផ្សេងៗមួយរយៈសិន ក្រោយពីមានករណីឆ្លងកូវីដសហគមន៍ផ្ទុះចេញពីទីតាំងសាសនា ដែលបានឆ្លងបន្តគ្នាតាមតំបន់ផ្សេងៗគួរឱ្យបារម្ភកាលពីថ្មីៗនេះ។ ការប្រកាសនៃការហាមឃាត់នេះធ្វើឡើងដោយអភិបាលក្រុងខ្វាងជូកាលពីថ្ងៃសុក្រម្សិលមិញនេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
ទីក្រុងខ្វាងជូដែលនៅចម្ងាយប្រមាណដល់៣៣០គីឡូមែ៉ត្រពីទីក្រុងសេអ៊ូល បានរកឃើញករណីករណីឆ្លងសហគមន៍ប្រភពចេញពីព្រះវិហារសាសនាដល់ទៅ២១០ករណីហើយក្នុងសប្តាហ៍នេះ ដែលពាក់ព័ន្ធនឹងសាលាបង្រៀនសាសនាគ្រីស្តឈ្មោះថា International Mission (IM) នោះ។
ក្នុងការប្រកាសហាមឃាត់នោះ ការធ្វើពិធីសាសនាជួបជុំផ្ទាល់នៅក្នុងព្រះវិហារនឹងត្រូវហាមឃាត់ និងត្រូវមកធ្វើតាមប្រព័ន្ធអនឡាញវិញរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ទី៣០ មករានេះ រហូតដល់ថ្ងៃទិ១០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខវិញ បើតាមការបញ្ជាក់របស់អភិបាលក្រុងខ្វាងជូ លោក លី យ៉ុងសុប (Lee Yong-seop)។ បម្រាមនេះរួមបញ្ចូលទាំងការជួបជុំ និងកម្មវិធីពិសារអាហារផ្សេងៗនៅព្រះវិហារផងដែរ។
ក្នុងនោះដែរ សាលាក្រុងក៏កំពុងពិចារណាលើការដាក់ពាក្យបណ្តឹងករណីដែលទីតាំងសាលាបង្រៀនសាសនាពីរកន្លែង បានអនុវត្តល្មើសទៅនឹងបម្រាមវិធានការការពារកូវីដកន្លងមកផងដែរ។ អជ្ញាធរសុខាភិបាលបញ្ជាក់ថា ករណីមេរោគកូវីដបានចាប់ផ្តើមឆ្លងដល់ក្នុងសាលាបង្រៀនសាសនា និងតាមព្រះវិហារ និងទីតាំងផ្សេងៗទៀតដែលអ្នកជំងឺចេញពីប្រភពទីតាំងសាសនាទាំងនោះធ្វើការដូចជាសាលារៀន មន្ទីរពេទ្យ និងកន្លែងការងារដទៃទៀតផងដែរ។ ការឆ្លងបន្តគ្នាថ្មីនេះក៏កំពុងក្លាយជាក្តីបារម្ភថ្មីរបស់រដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ទី៣០ ខែមករានេះ កូរ៉េខាងត្បូងរកឃើញករណីកូវីដឆ្លងថ្មីចំនួន ៤៥៨ករណី ដែលក្នុងនោះ៤២៣ករណីជាករណីឆ្លងក្នុងស្រុក ហើយជារយៈពេលថ្ងៃទី៣ហើយ ដែលករណីឆ្លងកើនក្នុងចំនួនខ្ទង់៤០០ករណីជាងនេះ។ បច្ចុប្បន្នករណីកូវីដនៅកូរ៉េខាងត្បូងសរុបមាន ៧៧,៨៥០ករណី។