កូរ៉េដើរទៅមុនហើយលើប្រព័ន្ធ 5G ដោយមានអ្នកប្រើប្រាស់ដល់១២លាននាក់ទៅហើយ ខណៈនឹងព្យាយាមបង្កើនបច្ចេកវិទ្យាផ្គត់ផ្គង់បន្ថែម

កូរ៉េខាងត្បូង៖ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធ 5G នៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ជិត ១២លានគ្រឿងហើយត្រឹមចុងឆ្នាំ២០២០ ចាប់តាំងពីប្រព័ន្ធនេះត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់តាំងពីខែមេសា ឆ្នាំ២០១៩មក​ បើតាមទិន្នន័យដែលបានបង្ហាញ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធ 5G ថ្មីនេះកើនឡើងថ្មីបន្ថែមជាង១លានគ្រឿងបន្ថែមទៀត ក្នុងខែមករានេះ ខណៈដែលចំនួនសរុបគិតត្រឹមចុងឆ្នាំ២០២០មាន ១១.៨៥លានគ្រឿង តាមទិន្នន័យរបស់ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសារគមនាគមន៍របស់កូរ៉េខាងត្បូង។

តួលេខនេះបង្ហាញថាអ្នកប្រើប្រាស់ប្រព័ន្ធ 5G មានដល់ទៅ ១៦.៨% នៃចំនួនអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទសរុបនៅក្នុងប្រទេសកូរ៉េ ខណៈបើប្រៀបទៅនឹងអ្នកប្រើប្រាស់ប្រព័ន្ធ 4G នៅឡើយចំនួនដល់ ៥២.៥លានគ្រឿង ប្រមាណជាង ៧៥% នៃចំនួនសរុប។

អ្នកជំនាញរំពឹងថាតួលេខអ្នកប្រើប្រាស់ប្រព័ន្ធ 5G នេះនឹងបន្តកើនថែមទៀតខណៈដែលក្រុមហ៊ុនទូរស័ព្ទធំៗដូចជា Samsung និង Apple បានផលិតម៉ូដែលទូរស័ព្ទចុងក្រោយដោយអាចប្រើប្រាស់បានជាមួយប្រព័ន្ធ 5G នេះទូលំទូលាយផងដែរ។ ហើយក្នុងនោះដែរ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទក៏បានព្យាយាមសម្រួលតម្លៃសេវាកម្ម 5G របស់ខ្លួនឱ្យសមរម្យ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ថ្មីផងដែរ។

ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទក៏កំពុងព្យាយាមបង្កើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ 5G ខ្លួនបន្ថែមនាពេលអនាគត ដោយនឹងសាងសង់នូវបង្គោលចាប់សញ្ញាប្រព័ន្ធ 5G ផ្ទាល់តែម្តង (5G Standalone) ដោយមិនចាំបាច់ពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ 4G ដូចដែលកំពុងអនុវត្តសព្វថ្ងៃផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *