កូរ៉េខាងត្បូង៖ កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ត្រូវបានចូលជាធរមាននៅព្រឹកថ្ងៃសុក្រនេះហើយ បើតាមការជូនដំណឹងរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង រាយការយ៍ក្នុងសារព័ត៌មាន The Korea Herald។
កិច្ចព្រមព្រៀងដែលចូលជាធរមានថ្មីនេះនឹងត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរចៀសវាងការយកផ្សេងៗត្រួតគ្នាពីរដង និងអាចជួយសម្រួលដល់បណ្តាក្រុមហ៊ុន និងអ្នកនាំចេញរបស់ប្រទេសទាំងពីរអាចធ្វើធុរកិច្ច ផ្លាស់ប្តូរទំនិញសេវាកម្មនានាបានប្រសើរជាងមុនផងដែរ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន សាធារណរដ្ឋកូរ៉េ ដែលបានធ្វើឡើងនៅក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ហើយត្រូវបានសភានៃប្រទេសទាំងសងខាងផ្តល់សច្ចាប័ណ្ណលើខ្លឹមសារនៃកិច្ចព្រមព្រៀង ដែលអាចឱ្យចូលជាធរមានបាននៅថ្ងៃនេះ។
បច្ចុប្បន្ននេះ កូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងបញ្ចៀសការយកពន្ធត្រួតគ្នានេះជាមួយប្រទេសទាំង១០ របស់អាស៊ានហើយ ដែលកិច្ចព្រមព្រៀងដំបូងបង្អស់គឺធ្វើឡើងជាមួយប្រទេសវៀតណាមកាលពីឆ្នាំ១៩៩៤មកម្លេះ។ រីឯកម្ពុជាយើងវិញមានកិច្ចព្រមព្រៀងប្រភេទនេះជាមួយប្រទេសសឹង្ហបុរី ថៃ ប្រុយណេ ចិន វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ព្រមទាំងទឹកដីហុងកុងផងដែរ។
សូមបញ្ជាក់ថា ស្របពេលដែលកិច្ចព្រមព្រៀងនេះបានចូលជាធរមាន កម្ពុជា និងសាធារណរដ្ឋកូរ៉េក៏កំពុងបន្តវឌ្ឍនភាពសកម្មលើការចរចាពាណិជ្ជកម្មសេរីជាមួយគ្នាផងដែរ ដែលអាចនឹងរំពឹងនូវលទ្ធផលវិជ្ជមានចប់សព្វគ្រប់ក្នុងពេលឆាប់ៗខាងមុខ។