ចែករំលែក! អជ្ញាធរកូរ៉េចេញវិធានការថ្មី សម្រួលអ្នកខុសច្បាប់នៅកូរ៉េ អាចទៅតេស្តកូវីដ មិនគិតថ្លៃ ហើយមិនបាច់បញ្ចេញអត្តសញ្ញាណទៀត

កូរ៉េខាងត្បូង៖ វិធានការថ្មីរបស់រដ្ឋាភិបាលកូរ៉េ នឹងអនុញ្ញាតឱ្យបរទេសដែលរស់នៅខុសច្បាប់ទាំងអស់នៅក្នុងប្រទេសកូរ៉េ ធ្វើតេស្តកូរ៉ូណាដោយមិនគិតថ្លៃ និងមិនចាំបាច់បង្ហាញអត្តសញ្ញាណ បើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌កូរ៉េ រាយការណ៍ក្នងុសារព័ត៌មាន Yonhap News។

ក្រសួងយុត្តិធម៌កូរ៉េបានបញ្ជាក់ថា ជនបរទេសដែលកំពុងស្នាក់នៅកូរ៉េខាងត្បូងខុសច្បាប់ រួមទាំងអ្នកដែលនៅដល់ផុតទិដ្ឋាការ អាចមកទទួលយកការធ្វើតេស្តកូវីដ-១៩ មិនគិតថ្លៃ ដោយងាយស្រួល និងមិនចាំបាច់បញ្ចេញអត្តសញ្ញាណនោះទេ នៅតាមទីតាំងធ្វើតេស្តបណ្តោះអាសន្នទាំងអស់ដែលកំពុងដំណើរការ។ អ្នកមកធ្វើតេស្តតម្រូវឱ្យផ្តល់តែព័ត៌មានលេខទូរស័ព្ទសម្រាប់ធ្វើការទាក់ទងអំពីលទ្ធផលប៉ុណ្ណោះ។

អ្វីដែលជាការសម្រួលគឺនៅពេលដែលធ្វើតេស្តជនបរទេស អជ្ញាធរមិនចាំបាច់តម្រូវឱ្យពិនិត្យទិដ្ឋាការរបស់អ្នកធ្វើតេស្តឡើង ហើយព័ត៌មានផ្ទាល់ខ្លួននានាក៏មិនចាំបាច់ប្រគល់ឱ្យអជ្ញាធរដែរទាំងមុន និងក្រោយពេលធ្វើតេស្ត ដោយរដ្ឋាភិបាលផ្តោតអាទិភាពលើសុខភាពសាធារណៈជាជាងការតាមដានរកអ្នកដែលស្នាក់នៅល្មើសច្បាប់នៅកូរ៉េទៅវិញ។

វិធានការនេះជាការសម្រួលដល់ចន្លោះប្រហោង ដែលកន្លងមកជម្រុញឱ្យអ្នកដែលស្នាក់នៅខុសច្បាប់មិនបានហ៊ានចេញទៅធ្វើតេស្តកូរ៉ូណា ដោយសារបារម្ភរឿងផ្លូវច្បាប់របស់ខ្លួននេះឯង។

បើតាមអជ្ញាធរ តួលេខនៃអ្នកស្នាក់នៅខុសច្បាប់នៅកូរ៉េខាងត្បូងមានប្រហែលដល់ ៤០ម៉ឺននាក់ ដែលរយៈពេលចុងក្រោយនេះអាចបណ្តាលមកពីបញ្ហាហាមឃាត់ និងការពិបាកក្នុងការធ្វើដំណើរដោយសារតែបញ្ហាកូវីដផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *