លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានកំពុងតែត្រូវបានដាក់លក់នៅក្នុងកម្មវិធី Telegram នេះបើតាមការចុះផ្សាយថ្មីក្នុងទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃកម្ពុជា។
នាយកដ្ឋានជំនាញបានឱ្យដឹងថា បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកសុវត្ថិភាព Motherboard កាលពីពេលថ្មីៗនេះថា មានជនអនាមិកបានដាក់លក់លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានលេខនៅក្នុងកម្មវិធី Telegram bot ដែលពួកគេបានលួចទាញយកកាលពីមុនឆ្នាំ២០១៩។
ជនខិលខូចអាចឱ្យអតិថិជនរបស់ពួកគេទិញលេខទូរសព្ទប្រសិនបើពួកគេដឹងពីឈ្មោះហ្វេសប៊ុក (Facebook ID) របស់អ្នកប្រើប្រាស់ ឬអាចទិញឈ្មោះហ្វេសប៊ុកប្រសិនបើពួកគេដឹងពីលេខទូរសព្ទក្នុងតម្លៃ ២០ដុល្លារសម្រាប់លេខទូរសព្ទមួយ ឬឈ្មោះហ្វេសប៊ុកមួយ។ ជាងនេះទៅទៀត ពួកគេក៏មានតម្លៃលក់ដុំដោយលក់ក្នុងតម្លៃ ៥០០០ដុល្លារសម្រាប់ ១ម៉ឺនលេខទូរសព្ទ។
គួរបញ្ជាក់ផងដែលថា ភាពចន្លោះប្រហោងដែលអាចឱ្យក្រុមជនខិលខូចទាញយកទិន្នន័យទាំងនេះ បានកើតឡើងកាលពីមុនពេលក្រុមហ៊ុនហ្វេសប៊ុកធ្វើការកែសម្រួលក្នុងខែសីហាឆ្នាំ២០១៩ ហើយម្យ៉ាងវិញទៀត ទិន្នន័យភាគច្រើនគឺមកពីអ្នកប្រើប្រាស់នៅក្នុងប្រទេសធំៗមានដូចជា សហរដ្ឋអាម៉េរិក អង់គ្លេស កាណាដា និងអូស្ត្រាលី ដូច្នេះសូមអ្នកប្រើប្រាស់បងប្អូនខ្មែរយើង កុំមានការព្រួយបារម្ភខ្លាំងពេកចំពោះបញ្ហានេះ។
ប៉ុន្តែប្រសិនបើលោកអ្នកបានប្រើលេខទូរសព្ទជាមួយនឹងកម្មវិធីហ្វេសប៊ុកមុនពេលដែលក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការកែសម្រួល លោកអ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលដែលលោកអ្នកទទួលបានសារណាមួយនោះ ព្រោះវាអាចគ្រាន់តែជាសារបោកបញ្ឆោតតែប៉ុណ្ណោះ៕