កូរ៉េខាងត្បូង៖ សិស្ស និស្សិតបរទេសដែលត្រូវមកសិក្សានៅប្រទេសកូរ៉េខាងត្បូងសម្រាប់ឆមាសថ្មីនេះ នឹងត្រូវតម្រូវឱ្យធ្វើតេស្តកូវីដ-១៩ ដល់ទៅ៣ដង ជាវិធានការថ្មីប្រកាសដោយក្រសួងអប់រំកូរ៉េខាងត្បូង រាយការណ៍ក្នុងសារព័ត៌មាន The Korea Times។
យោងទៅតាមវិធានការថ្មីនេះ សិស្ស និស្សិតបរទេសទាំងអស់ចូលមកប្រទេសកូរ៉េត្រូវឆ្លងកាត់ការធ្វើតេស្តកូវីដ-១៩ បីលើក ទាំងពេលមុនចូលមកដល់ និងក្រោយពេលចូលមកដល់ប្រទេសកូរ៉េខាងត្បូង។ សិស្ស និស្សិតត្រូវធ្វើតេស្តមុនចូលមកដល់ ៧២ម៉ោង មុនធ្វើដំណើរ ហើយត្រូវមានលទ្ធផលអវិជ្ជមានភ្ជាប់ជូននៅកន្លែងត្រួតពិនិត្យនៅអាកាសយានដ្ឋាននៅក្នុងប្រទេសកូរ៉េពេលចូលមកដល់។ ចំពោះអ្នកណាដែលមិនមានលទ្ធផលធ្វើតេស្តអវិជ្ជមានក្នុងអំឡុងពេលកំណត់នេះទេ មិនអាចឈានជើងចូលក្នុងប្រទេសកូរ៉េនោះទេ។
ដំណាក់កាលទី២ គឺនៅរយៈពេល១ថ្ងៃ ក្រោយពីបានចូលមកដល់ក្នុងប្រទេសកូរ៉េ ហើយដំណាក់កាលចុងក្រោយគឺការធ្វើតេស្តមុនពេលបញ្ចប់ចត្តាឡីស័ក១៤ថ្ងៃហើយ។
សូមបញ្ជាក់ថា សម្រាប់ការអនុវត្តកន្លងទៅ សិស្ស និស្សិតដែលចូលមកប្រទេសកូរ៉េខាងត្បូងតម្រូវឱ្យធ្វើតេស្តតែម្តងប៉ុណ្ណោះ។
លោកស្រីរដ្ឋមន្ត្រីអប់រំ បានលើកឡើងក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីទៀតថា វិធានការនេះគឺអនុវត្តផ្អែកទៅលើបទពិសោធន៍ដែលទទួលបានក្នុងឆ្នាំកន្លងទៅ ដែលមានករណីឆ្លងកូវីដ-១៩ ក្នុងកម្រិតខ្លាំង ដូចនេះរដ្ឋាភិបាលត្រូវដាក់ចេញវិធានការសមស្របដើម្បីអាចទប់ស្កាត់ការចម្លងពីខាងក្រៅ ចូលមកក្នុងសហគមន៍ និងមកក្នុងទីតាំងអប់រំនានាទូទាំងប្រទេសផងដែរ។
ក្នុងនោះដែរ រដ្ឋមន្ត្រីអប់រំបានលើកឡើងថា សិស្ស និស្សិតបរទេសនៅក្នុងបរិបទបច្ចុប្បន្នត្រូវបានលើកទឹកចិត្តឱ្យបន្តនៅប្រទេសរៀងៗខ្លួន ហើយរៀនតាមប្រព័ន្ធអ៊ីនធើណែត។ ចំណែកឯសាកលវិទ្យាល័យនីមួយៗនឹងត្រូវតម្រូវឱ្យដាក់ចេញនូវវិធានការចត្តាឡិស័ក និងវិធានការទប់ស្កាត់ការចម្លងកូវីដក្នុងទីតាំងរបស់ខ្លួនផងដែរ។
ជាករណីដោយឡែក សិស្ស និស្សិតបរទេសមកពីប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូង ដែលជាប្រភពនៃករណីមេរោគកូវីដ-១៩ ប្រភេទបម្លែងខ្លួនថ្មីនោះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសកូរ៉េបាននោះទេ រហូតដល់មានការជូនដំណឹងបន្ថែមពីអជ្ញាធរសុខាភិបាល។
ក្នុងចំណោមសិស្ស និស្សិតអន្តរជាតិ ៥៦,០០០នាក់ ចូលមកក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០២០ អំឡុងខែមីនា ដល់ខែធ្នូ មាន១៦៥ករណីតេស្តរកឃើញវិជ្ជមាន ដែលក្នុងនោះ ១២៤ករណីរកឃើញវិជ្ជមានក្នុងអំឡុងពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ និង៤១ករណីត្រូវបានរកឃើញវិជ្ជមាននៅពេលចូលដល់ប្រទេសកូរ៉េខាងត្បូងភ្លាម យ៉ាងណាមិញ មិនទាន់មានករណីឆ្លងជាសហគមន៍ប្រភពចេញពីសិស្ស និស្សិតអន្តរជាតិនោះទេ។