កូរ៉េខាងត្បូង៖ សមិទ្ធផលទីធំពីរ កើតចេញពីនៃកិច្ចសហការរវាងស្ថានឯកអគ្គរាជទូតកម្ពុជានៅសេអ៊ូល និងមន្ទីរពេទ្យសុនឆុនយ៉ាង (SoonChunHyang) បានលេចរូបរាងហើយ បើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតខ្មែរនៅកូរ៉េ។
ក្នុងការចែករំលែកនោះ បានរំលេចនូវសមិទ្ធផលថ្មី ដែលជាលទ្ធផលសម្រេចបាននៃស្មារតីអនុស្សរណៈនៃការយោគយល់គ្នា និងក្រោមកិច្ចសហការដ៏ល្អប្រសើររវាងស្ថានទូតកម្ពុជានៅកូរ៉េ និងមន្ទីរពេទ្យសុនឆុនយ៉ាង (SoonChunHyang) កូរ៉េ ក្រោមរូបភាពនៃការប្រគល់ម៉ាស KF 80 ចំនួន ១០ម៉ឺនសន្លឹក និងបរិក្ខារពេទ្យដទៃទៀត ដែលជាជំនួយរបស់មន្ទីរពេទ្យ SoonChunHyang តាមរយៈ
ស្ថានទូតកម្ពុជានៅកូរ៉េ ជូនលោកក្រសួងសុខាភិបាលកម្ពុជា។
អំណោយនេះត្រូវបានប្រគល់ដល់តំណាងក្រសួងសុខាភិបាលកម្ពុជា លោក ថន ថៃលី ប្រធានឃ្លាំងឪសថ នៅឃ្លាំងឪសថរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ២៧ មករា ២០២១ម្សិលមិញនេះ។ អំណោយជាសម្ភារៈវេជ្ជសាស្រ្តនេះ នឹងត្រូវយកមកប្រើប្រាស់ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។
កន្លងមក ក្រោមស្មារតីនេះអនុស្សរណៈរវាងស្ថានទូត និងមន្ទីរពេទ្យនេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស់នៅកូរ៉េ និងកម្ពុជា អាចមកទទួលសេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យ សុនឆុនយ៉ាង (SoonChunHyang) របស់កូរ៉េខាងត្បូង ដោយទទួលបានអត្រាតម្លៃសេវាកម្មដូចទៅនឹងតម្លៃសម្រាបជនជាតិកូរ៉េផងដែរ បើទោះជាមាន ឬគ្មានការធានារ៉ាប់រងសុខភាពក៏ដោយ។
សូមបញ្ជាក់ថា ស្ថានទូតកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា MOU ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង ជាមួយមន្ទីរពេទ្យសាកលវិទ្យាល័យ សុនឆុនយ៉ាង (SoonChunHyang) កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ដែលតាមលោកឯកអគ្គរាជទូត ឡុង ឌីម៉ង់បញ្ជាក់ នឹងក្លាយជាឯកសារគោលក្នុងការបន្តពង្រីក និងពង្រឹងទំនាក់ទំនងវិស័យសុខាភិបាលបន្ថែមទាំងនៅកម្ពុជា និងកូរ៉េ។
