ល្អមែនទែន! ច្បាប់ថ្មីកូរ៉េខាងត្បូង កំណត់ពីខែកុម្ភៈទៅ ពលករបរទេសនឹងអាចទទួលប្រាក់ធានារ៉ាប់រងប្រាក់ឈ្នួល ទ្វេដង ដល់ ៤លានវ៉ុនឯណោះ

កូរ៉េខាងត្បូង៖ តាមរយៈសេចក្តីជូនដំណឹងក្នុងទំព័រហ្វេសប៊ុក សមាគមកម្ពុជាសាមគ្គី បានឱ្យដឹងអំពីច្បាប់ថ្មីរបស់កូរ៉េខាងត្បូង លើការបង្កើនចំនួនទឹកប្រាក់សំណងធានារ៉ាប់រងប្រាក់ឈ្នួល (서울보증보험) សម្រាប់ជនបរទេស។

ក្នុងការជូនដំណឹងនេះ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះតទៅ អ្នកធ្វើការជាជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចទទួលបានសំណងប្រាក់ធានារ៉ាប់រងប្រាក់ឈ្នួល (서울보증보험) បានរហូតទៅដល់ចំនួន៤លានវ៉ុន។

ក្នុងនោះដែរ ចំពោះកន្លែងការងារដែលមានពលករបរទេសធ្វើការ ថៅកែត្រូវតែដាក់ពាក្យទិញកញ្ចប់ធានារ៉ាប់រងប្រាក់ឈ្នួលសេអ៊ូលនេះ ព្រោះវាជាកាតព្វកិច្ច។
ក្នុងករណីបើថៅកែជំពាក់ប្រាក់ឈ្នួល ឬប្រាក់បំណាច់ឆ្នាំអ្នក នោះអ្នកត្រូវមកដាក់ពាក្យបណ្តឹងទៅក្រសួងពលកម្ម ហើយប្រសិនបើក្នុងស្ថានភាពដែលថៅកែគ្មានប្រាក់សងអ្នកនោះទេ អ្នកអាចទទួលបានលិខិតបញ្ជាក់បំណុលដែលថៅកែជំពាក់អ្នកដែលជាភាសាកូរ៉េហៅថា «임금체불확인서»។

ប្រសិនបើអ្នកទទួលបានលិខិតជំពាក់បំណុល «임금체불확인서» ពីក្រសួងពលកម្មហើយ អ្នកត្រូវភ្ជាប់ឯកសារដូចជា៖ សៀវភៅធនាគារថតចម្លង Copy និងកាតសម្គាល់ខ្លួនជនបរទេសរបស់អ្នក ដើម្បីរៀបចំដាក់ពាក្យស្នើសុំប្រាក់សំណងទៅធានារ៉ាប់រងប្រាក់ឈ្នួលសេអ៊ូល (서울보증보험) ហើយបន្ទាប់មកទៀត យ៉ាងយូរបំផុតក្នុងអំឡុងពេលមួយខែកន្លះ គឺអ្នកអាចទទួលបានប្រាក់សំណងធានារ៉ាប់រងប្រាក់ឈ្នួលនេះ បានត្រឹមចំនួន៤លានវ៉ុនបានផងដែរ។

តាមរយៈសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ថា កាលពីពេលកន្លងមក ចំពោះសំណងធានារ៉ាប់រងប្រាក់ឈ្នួលនេះ គឺផ្ដល់ជូនត្រឹម២លានវ៉ុនតែប៉ុណ្ណោះ ក៏ប៉ុន្តែចាប់ពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២១តទៅ ចំពោះពលករដែលបានចុះហត្ថលេខាលើកិច្ចសន្យាការងារចាប់ពីថ្ងៃបរិច្ឆេទខាងលើ គឺអាចទទួលបានប្រាក់សំណងលើការធានាប្រាក់ឈ្នួលសេអ៊ូលនេះ បានទៅដល់ត្រឹម៤លានវ៉ុនវិញហើយ។

Leave a Reply

Your email address will not be published. Required fields are marked *