រដ្ឋាភិបាលកូរ៉េ គ្រោងសម្រួលនិយមន័យពាក្យ “គ្រួសារ” ដើម្បីអាចឱ្យទំនោរថ្មីនៃគ្រួសារក្រៅអាពាហ៍ពិពាហ៍ ទទួលបានប្រយោជន៍ និងការការពារផ្លូវច្បាប់

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារនេះ បានពិនិត្យលើលទ្ធភាពកែសម្រួលខ្លឹមសារផ្នែកច្បាប់នៃពាក្យ “គ្រួសារ” ក្នុងគោលបំណងឆ្លើយតបទៅនឹងបម្រែបម្រួលនៃបរិបទរស់នៅរបស់ដៃគូបុរស និងស្រ្តីក្នុងសម័យថ្មីនេះដែលអាចរួមបញ្ចូលទាំងដៃគូរស់នៅជាមួយគ្នាដោយមិនរៀបការផងដែរ នេះបើតាមការបញ្ជាក់របស់ក្រសួងកិច្ចការគ្រួសារកូរ៉េខាងត្បូង ក្នុងសារព័ត៌មាន Yonhap News។

ក្រសួងសមភាពយេនឌឺរ និងគ្រួសារបានប្រកាសថាផែនការគោលនយោបាយចម្បងរបស់ខ្លួនសម្រាប់ឆ្នាំ២០២១ ដល់២០២៥ខាងមុខ គឺនឹងធ្វើបច្ចុប្បន្នភាពលើខ្លឹមសារនៃពាក្យ “គ្រួសារ” ដើម្បីអាចផ្តល់នូវផលប្រយោជន៍ និងការការពារផ្សេងៗតាមផ្លូវច្បាប់ជូនដល់ដៃគូដែលរួមរស់ជាមួយគ្នា តែមិនចុះអាពាហ៍ពិពាហ៍ ឬមិនមែនជាសាច់ឈាមជាមួយគ្នាពីកំណើត ឬមិនមែនជាការទទួលចិញ្ចឹម។

គោលនយោបាយនេះផ្តោតទៅលើទំនោរនៃការរស់នៅបែបថ្មី ដែលមនុស្សវ័យក្មេងជាច្រើនបានចាប់ផ្តើមរួមរស់ជាមួយគ្នាដោយមិនមានរៀបអាពាហ៍ពិពាហ៍ ឬមិនមានធ្វើឯកសារអេតាស៊ីវិលតាមផ្លូវច្បាប់កំណត់ ហើយក៏ផ្តោតទៅលើអ្នកដែលរស់នៅតែម្នាក់ឯង មិនមានសាច់ញាតិ ឬដៃគូផងដែរ ដែលមនុស្សនៅក្នុងប្រភេទទាំងនេះបច្ចុប្បន្នមិនអាចទទួលបានអត្ថប្រយោជន៍ ឬការគាំពារផ្លូវច្បាប់ណាមួយឱ្យបានពេញលេញនោះទេ។

ក្រសួងបានបញ្ជាក់ថា ការប្រកាសអំពីផែនការខ្លួននៅថ្ងៃនេះ ជាដំណាក់កាលដំបូង ហើយក៏ជាដំណាក់កាលចង់ធ្វើការស៊ើបសួរពីមតិសាធារណជនលើផែនការធ្វើកំណែទម្រង់សង្គមគ្រួសារនេះផងដែរ។

បើតាមទិន្នន័យនៃការធ្វើជំរឿនចុងក្រោយ ភាគរយនៃចំនួនគ្រួសារប្រភេទថ្មី ដូចជាប្រភេទអ្នកដែលរស់នៅតែឯង បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ក្នុងនោះដែរ ទិន្នន័យមួយទៀតបង្ហាញថាចំនួនដៃគូដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១៩ បានថយចុះខ្លាំងដល់កម្រិតមួយទាបជាគេខ្លាំងក្នុងឆ្នាំ២០១៩ ត្រឹមចំនួន ២៣៩,០០០ គូប៉ុណ្ណោះ ដែលថយចុះពីជាង​ ៣២៦,០០០ គូអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១០។

សម្រង់មតិមួយទៀតរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៨ បង្ហាញថាមានមនុស្សជំទង់ និងពេញវ័យអាយុពី១៣ឆ្នាំឡើងទៅ ត្រឹមតែជាង៤៨.‌១% ប៉ុណ្ណោះដែលគិតថាពួកគេត្រូវតែរៀបអាពាហ៍ពិពាហ៍នៅពេលអនាគត ដែលជាទំនោរបង្ហាញថាមនុស្សវ័យក្មេងឥឡូវនេះកំពុងឈានទៅការចងសម្ព័ន្ធភាពគ្រួសារក្រៅផ្លូវការ និងក្រៅអាពាហ៍ពិពាហ៍។

Leave a Reply

Your email address will not be published. Required fields are marked *