ប្រធានាធិបតីកូរ៉េ ប្រកាសឱ្យរដ្ឋាភិបាលខ្លួនពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីអាចដកកញ្ចប់ថវិកា មកសងបណ្តាអាជីវកម្មខាតបង់ដោយសារកូវីដ

កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីមូន ជេអ៊ីន (Moon Jae-in) បានណែនាំរដ្ឋាភិបាលរបស់លោកកាលពីថ្ងៃច័ន្ទនេះ ដើម្បីរិះរកមធ្យោបាយរដ្ឋបាលណាដែលអាចឱ្យរដ្ឋាភិបាលផ្តល់ជាកញ្ចប់ទឹកប្រាក់ជួយដល់បណ្តាម្ចាស់អាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកូរ៉េខាងត្បូង ចំពោះការខាតបង់របស់ពួកគេដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ កន្លងមក រាយការណ៍ដោយសារព័ត៌មាន Yonhap News។

ការផ្តល់ជាកញ្ចប់ទឹកប្រាក់ជួយដល់បណ្តាម្ចាស់អាជីវកម្មរងគ្រោះដោយសារកូវីដនេះ បន្តជាបញ្ហាក្តៅនៅក្នុងរង្វង់ថ្នាក់ដឹកនាំកូរ៉េខាងត្បូង ដោយសារតែគម្រោងនេះកៀកពេកទៅនឹងការបោះឆ្នោតចៅហ្វាយក្រុងសេអ៊ូល និងប៊ូសានក្នុងថ្ងៃទី៧ ខែមេសាខាងមុខនេះហើយ។

បញ្ហាដែលត្រូវពិនិត្យមើល គឹលើលទ្ធភាពថាតើរដ្ឋាភិបាលកូរ៉េអាចមាននីតិវិធីស្របច្បាប់ណា ដើម្បីអាចដកកញ្ចប់ទឹកប្រាក់ថ្មីនេះមកប្រើប្រាស់បាន ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីរបស់រដ្ឋសភាឬអត់។

លោកប្រធានាធិបតីបានអំពាវនាវដល់រដ្ឋាភិបាលនិងគណបក្សកាន់អំណាចរបស់លោក ពិនិត្យមើលលទ្ធភាពស្របច្បាប់ណាដែលអាចទាញយកទឹកប្រាក់សមរម្យមួយ ដើម្បីយកមកសម្រួលដល់ការខូចខាតបង់របស់ម្ចាស់អាជីវកម្ម និងអ្នករកស៊ីតូចតាចជាដើម ដូចជាហាងកាហ្វេ ឬភោជនីយដ្ឋានទូទាំងប្រទេស នៅក្នុងកម្រិតមួយដែលរដ្ឋមានសមត្ថភាពហិរញ្ញវត្ថុអាចធ្វើបាន។ សូមបញ្ចាក់ថា កន្លងមកបណ្តាសមាជិកសភារបស់គណបក្សកាន់អំណាច ក៏ធ្លាប់បានចេញសេចក្តីព្រាងច្បាប់នេះផងដែរ​។

យ៉ាងណាមិញ បើទោះបីហាក់មានការគាំទ្រពីថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំក្រសួងធំៗក៏ដោយ គេសង្កេតឃើញរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ហុង ណាមគី (Hong Nam-ki) វិញហាក់បង្ហាញគោលជំហរអវិជ្ជមានចំពោះគោលគំនិតនេះ ដោយលើកអំណះអំណាងអំពីបញ្ហាថវិកា។

ចំណែកឯក្រុមអ្នករិះគន់រដ្ឋាភិបាលវិញ លើកឡើងថានេះជាយន្តការថ្មីដែលរដ្ឋាភិបាលលោក មូន​ ជេអ៊ីន កំពុងព្យាយាមទាញយកកញ្ចប់លុយរបស់រដ្ឋ មកទាក់ទាញប្រជាប្រិយភាពនយោបាយ ជាពិសេសក្នុងអំឡុងពេលដែលការបោះឆ្នោតសំខាន់កាន់តែខិតជិតមកដល់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *