អជ្ញាធរសុខាភិបាលកូរ៉េ ដាក់ផែនការផ្តល់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានដល់ ៧០% នៃចំនួនប្រជាជនសរុបជាង ៥៦លាននាក់ ត្រឹមខែកញ្ញាខាងមុខ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ចេញគោលដៅគ្រោងនឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនខ្លួនឱ្យបានយ៉ាងហោចណាស់ ៧០ ភាគរយនៃចំនួនប្រជាជនសរុប ឱ្យបានត្រឹមខែកញ្ញា ឆ្នាំនេះ បើតាមការលើកឡើងរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង រាយការណ៍តាមសារព័ត៌មាន Yonhap News។

បើតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានប្រកាសថា គោលដៅបេសកកម្មចម្បងនៃការផ្តល់វ៉ាក់សាំងកូវីដសម្រាប់ឆ្នាំ២០២១នេះ គឺមានការធានាផ្តល់វ៉ាក់សាំងកូវីដ-១៩ ឱ្យដល់ប្រជាជនកូរ៉េដើម្បីអាចបង្កើតជាប្រព័ន្ធធាតុស៊ាំនៅក្នុងសហគមន៍ឱ្យបានត្រឹមខែវិច្ឆិកាខាងមុខ នាឆ្នាំ២០២១នេះ។

ប្រព័ន្ធធាតុស៊ាំនៅក្នុងសហគមន៍ (Herd Immunity) នេះសំដៅដល់ការធានាថាប្រជាជនមួយភាគធំនៃប្រជាជនសរុបទទួលបានការការពារ និងប្រព័ន្ធស៊ាំដោយមានប្រសិទ្ធភាពពីជំងឺកូវីដ​ ដែលនឹងកាត់បន្ថយលទ្ធភាពនៃការចម្លងមេរោគនេះបន្តគ្នាទៅក្នុងសហគមន៍តទៀត។

រដ្ឋាភិបាលកូរ៉េកន្លងមកបានបញ្ជាក់ថា ខ្លួនបានធានាទិញយកវ៉ាក់សាំងពីក្រុមហ៊ុនធំៗចំនួន៤ និងកម្មវិធីផ្តល់វ៉ាក់សាំងរបស់កូវ៉ាក់ (COVAX) គ្រប់គ្រាន់សម្រាប់ប្រជាជនដល់ទៅ ៥៦លាននាក់ ហើយក៏បានជិតបញ្ចប់ការចរចាបញ្ជាទិញវ៉ាក់សាំងបន្ថែមសម្រាប់ដល់ទៅសម្រាប់​មនុស្ស ២០លាននាក់បន្ថែមទៀតផងដែរ ពីក្រុមហ៊ុនអាម៉េរិកមួយទៀត។

អជ្ញាធរបានបញ្ជាក់ថាវ៉ាក់សាំងនឹងត្រូវផ្តល់ជូនមន្ត្រីសុខាភិបាលដែលនៅជួរមុខប្រឈមនឹងហានិភ័យខ្ពស់មុនគេ អ្នកធ្វើការតាមមន្ទីរពេទ្យ មណ្ឌលចាស់ជរា មនុស្សវ័យចំណាស់ពី៦៥ឆ្នាំឡើង នៅក្នុងឆមាសទី២ នាឆ្នាំ២០២១ខាងមុខ រីឯមនុស្សពេញវ័យអាយុពី១៩ ដល់៦៤ ឆ្នាំ និងអ្នកមានជំងឺធ្ងន់ធ្ងន់ នឹងត្រូវទទួលបានក្នុងអំឡុងឆមាសទី៣ ឆ្នាំ២០២១។

កម្មវិធីផ្តល់វ៉ាក់សាំងនេះ នឹងផ្តល់ជូននៅតាម ២៥០ទីតាំងផ្សេងៗគ្នាទូទាំងប្រទេស រួមនឹងនៅតាមទីតាំងមន្ទីរពេទ្យ ឬទីតាំងសុខាភិបាលនានាទូទាំងប្រទេសដល់ទៅ ១ម៉ឺនកន្លែងទៀត។ ក្នុងនោះដែរ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ ដែលជាស្ថាប័នជំនាញក្នុងការងារនេះ ក៏បានលើកឡើងស្របពេលនឹងការផ្តល់វ៉ាក់សាំង ខ្លួននឹងក៏បង្កើនលទ្ធភាពធ្វើតេស្តរកកូវីដបន្ថែមទៀតផងដែរ ដោយរំពឹងថានឹងបង្កើនចំនួនធ្វើតេស្តឱ្យបានដល់ ២៤ម៉ឺនក្នុងមួយថ្ងៃផងដែរ។

សូមបញ្ជាក់ថា ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថរបស់កូរ៉េ ក៏កំពុងពន្លឿនដំណើរការពិនិត្យលើវ៉ាក់សាំងដែលបានទិញ និងប្រភេទនៃការព្យាបាលជំងឺកូវីដថ្មី ដែលដំណើរការនេះអាចនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២០ថ្ងៃខាងមុខនេះ ដែលជានីតិវិធីលឿនជាងក្នុងរយៈពេលទូទៅធម្មតា ដែលយ៉ាងហោចណាស់ត្រូវចំណាយពេលរាប់ខែ ទំរាំអាចផ្តល់អជ្ញាប័ណ្ណជូនដល់ឱសថ ឬវ៉ាក់សាំងថ្មីណាមួយ។

Leave a Reply

Your email address will not be published. Required fields are marked *