ពលករខ្មែរ ក្នុងករណីស្ពានអាកាសបាក់ស្រុត នៅថៃ មិនមានបញ្ហាធ្ងន់ធ្ងរទេ ហើយកំពុងទទួលការព្យាបាល សួរសុខទុក្ខ និងយកចិត្តទុក្ខដាក់ពីស្ថានទូត

ប្រទេសថៃ៖ យោងតាមព័ត៌មានផ្សព្វផ្សាយដោយស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ពលករខ្មែរ៧នាក់ ដែលបានរងគ្រោះក្នុងករណីស្ពានអាកាសបាក់ស្រុត នៅខេត្តនគររាជសីមា កាលពីប៉ុន្មានថ្ងៃមុន មិនមានរងគ្រោះដល់បាត់បង់ជីវិតទេ ហើយកំពុងទទួលបានការព្យាបាល និងការយកចិត្តទុក្ខដាក់ ព្រមទាំងការចុះសួរសុខទុក្ខពីសំណាក់ស្ថានទូត។

ចុះផ្សាយក្នុងទំព័រហ្វេសប៊ុកស្ថានទូតខ្មែរនៅថៃ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវនៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប ប្រុស៤នាក់ និងស្រី៣នាក់ ដែលស្ថិតក្នុងគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។

តាមការបញ្ជាក់ ក្នុងករណីគ្រោះថ្នាក់ខាងលើមិនមែនករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ ខណៈដែលពលករ៣នាក់បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ១នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ ១នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត ហើយពលករ២នាក់ទៀតនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃនេះ។

ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ចំណែកពលករដែលកំពុងសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។

ជាមួយគ្នានេះផងដែរ តំណាងស្ថានទូតខ្មែរនៅប្រទេសថៃ បានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ប្អនប្អូនពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគាត់ ព្រមទាំងផ្តាំផ្ញើការសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជាដែលមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនពលករខ្មែរផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *