កូរ៉េខាងត្បូង៖ រដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកំពុងតែបង្ហាញក្តីបារម្ភថ្មីក្រោយពីមានករណីផ្ទុះកូវីដជាសហគមន៍ថ្មីចេញពីទីតាំងសាលារៀនសាសនាមួយកន្លែង កាលពីចុងសប្តាហ៍កន្លងមកនេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
បើតាមទិន្នន័យ និងការបញ្ជាក់របស់អជ្ញាធរសុខាភិបាល នៅថ្ងៃចន្ទនេះគេរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ផ្ទុះចេញពីសាលាបង្រៀនសាសនាមួយកន្លែង (IEM School) នៅក្នុងទីក្រុងដេជុន រហូតដល់១២៧ករណីហើយ ចាប់តាំងពីទីតាំងសាលាសាសនានេះចាប់ផ្តើមផ្ទុះឆ្លងជាសហគមន៍កាលពីថ្ងៃអាទិត្យកន្លងមក។
សាលាសាសនា IEM School នេះទទួលសិស្សអាយុពី១៦ ទៅ១៨ឆ្នាំ ដោយផ្តល់វគ្គបណ្តុះបណ្តាលដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនា រួមនឹងមុខវិជ្ជាទូទៅដទៃទៀតផងដែរ។ ក្រោយពីមានករណីផ្ទុះឡើងថ្មីនេះ អជ្ញាធរសុខាភិបាលកំពុងបារម្ភខ្លាចថាករណីនេះអាចនឹងបន្តផ្ទុះឡើងខ្លាំងរហូតដល់បទពិសោធន៍ផ្ទុះកូវីដឆ្លងជាសហគមន៍នាពេលកន្លងមកនៅក្នុងព្រះវិហារសាសនា ដែលមានឡើងដល់រាប់ពាន់ករណីឯណោះ។
លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានដាក់ចេញបញ្ជាជូនដល់អជ្ញាធរសុខាភិបាលឱ្យចាត់វិធានការចាំបាច់នានាដើម្បីទប់ស្កាត់ហានិភ័យចេញពីការឆ្លងផ្ទុះជាសហគមន៍នេះ។ លោកបានបន្តទៀតថា កាលពីព្រឹត្តិការណ៍ផ្ទុះឆ្លងជាសហគមន៍កាលពីលើកមុន អជ្ញាធរហាក់មានការឆ្លើយតបទៅនឹងបញ្ហានោះយឺតពេលវេលា ដែលនាំឱ្យមានការផ្ទុះឆ្លងសហគមន៍ជាបញ្ហាចោទដ៏លំបាក ដូចនេះរដ្ឋាភិបាលកូរ៉េនឹងប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍ថ្មីនេះ។