លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់៖ ឆ្នាំ២០២១នេះ ប្រទេសកូរ៉េខាងត្បូងសម្រេចទទួលយកតែពលករកម្ពុជាប៉ុណ្ណោះ

កូរ៉េខាងត្បូង៖ នៅឆ្នាំ២០២១នេះ សាធារណៈរដ្ឋកូរ៉េសម្រេចទទួលយកតែពលករបញ្ជូនមកពីប្រទេសកម្ពុជាប៉ុណ្ណោះ ជាការបញ្ជាក់របស់ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េប្រាប់សារព័ត៍មាន PNN។

លោកទូត ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថាការផ្ដល់អាទិភាពជូនតែកម្ពុជានេះគឺដោយសារសាធារណៈកូរ៉េផ្អែកលើប្រសិទ្ធភាពនៃការទប់ស្កាត់ជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅឆ្នាំ២០២១នេះ បេីទោះបីជាមានប្រទេសជាច្រើនបានបន្តការចរចាជាមួយសាធារណៈកូរ៉េដើម្បីស្នើបញ្ជូនពលករទៅបំពេញការងារ ប៉ុន្តែមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលទទួលបានការឯកភាពពីប្រទេសកូរ៉េ នេះបើផ្អែកតាមការបញ្ជាក់របស់លោកទូត ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ។

លោកបានបញ្ជាក់ទៀតថា ការបញ្ជូនពលករខ្មែរមកបំពេញការងារនៅប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០២០ មានលក្ខណៈរឹតត្បិតខ្លាំង ដោយសារតែការកើតឡើងខ្លាំងនៅមេរោគឆ្លងកូវីដ១៩ និងការហាមឃាត់ក្នុងការមិនទទួលយកពលករធម្មតាទាំង១៦ប្រទេស ពីសំណាក់រដ្ឋាភិបាលកូរ៉េ។

ប៉ុន្តែនៅអំឡុងខែវិច្ឆិកា ជាឱកាសរបស់កម្ពុជា ដែលរដ្ឋាភិបាលកូរ៉េ បានអនុញ្ញាតឱ្យពលករកម្ពុជា មកបម្រើការងារនៅសាធារណរដ្ឋកូរ៉េបន្តទៀត ដោយសារតែមានសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលទាំងពីរក្នុងវិស័យនេះ ការគ្រប់គ្រង ដោះស្រាយបញ្ហាពលករមានប្រសិទ្ធិភាពខ្ពស់ និងជាពិសេសការគ្រប់គ្រងបញ្ហាជំងឺកូវីដបានល្អនៅប្រទេសកម្ពុជាផងដែរ។

គួរម្លឹកថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ មានពលករវគ្គធម្មតា មកបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានចំនួន ៩១៩នាក់ និងពលករគម្រូបន្តអាណត្តិម្ដងទៀត មានចំនួន ១,១៨១នាក់។ បច្ចប្បន្នមានពលរដ្ឋកម្ពុជារស់នៅធ្វើការ និងសិក្សានៅកូរ៉េខាងត្បូងប្រមាណ៦ម៉ឺននាក់ ក្នុងនោះភាគច្រើនគឺជាពលករ។

ប្រមុខស្ថានទូតកម្ពុជារំពឹងថាតម្រូវការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩នៅផ្ដល់ផលវិជ្ជមានបន្ថែមទៀតដល់ការងារបញ្ជូនពលកររវាងប្រទេសទាំងពីរកម្ពុជា កូរ៉េ៕

អត្ថបទ៖ រ៉េន រតនៈ – PNN

 

Leave a Reply

Your email address will not be published. Required fields are marked *