ទូកនេសាទកូរ៉េក្រឡាប់លិចនៅក្បែរកោះហ្គូជេ (Geoje) ខណៈដែលជនជាតិកូរ៉េ ៣ នាក់នៅបន្តបាត់ខ្លួនមិនទាន់រកឃើញ

កូរ៉េខាងត្បូង៖ ទូកនេសាទកូរ៉េខាងត្បូងមួយគ្រឿង ត្រូវបានរលកទឹកបោកបក់លិចនៅម្តុំដែនទឹកក្បែរកោះហ្គូជេ (Geoje) កាលពីល្ងាចម្សិលមិញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ខណៈដែលអជ្ញាធរកំពុងបន្តប្រតិបត្តិការស្វែងរក គិតត្រឹមកណ្តាលយប់ថ្ងៃសៅរ៍ម្សិលមិញ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ទូកនេសាទនេះត្រូវបានរលកបោកបក់ឱ្យផ្អៀងលិចទៅក្នុងទឹក កាលពីម៉ោង៤រសៀល ម៉ោងក្នុងស្រុកកូរ៉េ នៅក្នុងដែនទឹកប្រមាណត្រឹម១គីឡូមែ៉ត្រពីកោះហ្គូជេ (Geoje) ប្រមាណចម្ងាយ៤០០គីឡូមែ៉ត្រភាគខាងត្បូងទីក្រុងសេអ៊ូល។ នៅលើទូកនេសាទដែលលិចនេះ មានមនុស្ស១០នាក់ ដែលក្នុងនោះ៩នាក់ជាជនជាតិកូរ៉េ និងម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី។

បើតាមការរាយការណ៍របស់អជ្ញាធរ មានមនុស្ស៧នាក់ត្រូវបានជួយសង្គ្រោះរួចរាល់ហើយ ខណៈដែលមនុស្ស៣នាក់ទៀតជាជនជាតិកូរ៉េទាំងអស់ កំពុងបន្តបាត់ខ្លួន ស្របពេលដែលអជ្ញាធរកូរ៉េខាងត្បូងកំពុងបន្តដុតដៃដុតជើងក្នុងប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន​ទាំងយប់។

អជ្ញាធរបញ្ជាក់ថា ទូកនេះលិចដោយសារតែរលកខ្យល់ធំៗបោកបក់ នាំឱ្យទូកនេះផ្អៀងលិច ខណៈដែលប្រតិបត្តិការស្វែងរកក៏មានស្ថានភាពលំបាកដែរ ដោយសារតែអាកាសធាតុនៅមិនទាន់អំណោយផល។ ក្នុងប្រតិបត្តិការស្វែងរកនេះ មានកប៉ាល់ល្បាត ២៤ គ្រឿង រួមនឹងឧត្ថម្ភាគចក្រចំនួន ២ គ្រឿងផងដែរ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ រដ្ឋមន្ត្រីមហាផ្ទៃកូរ៉េបានដាក់បញ្ជាឱ្យប្រើប្រាស់ធនធានដែលមានទាំងអស់ ដើម្បីធានារកឱ្យឃើញ និងជួយសង្គ្រោះអ្នករងគ្រោះឱ្យទាល់តែបាន។

Leave a Reply

Your email address will not be published. Required fields are marked *