អ្នកជំនាញសុខាភិបាល ថាកូរ៉ូណាប្រភេទបម្លែងខ្លួនថ្មី អាចនាំមកនូវហានិភ័យខ្ពស់ ថ្មីសម្រាប់កូរ៉េខាងត្បូង និងអាចនឹងនាំមករលកកូវីដថ្មីផង

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះបានព្រមានថា វត្តមាននៃមេរោគកូរ៉ូណាប្រភេទបម្លែងខ្លួនថ្មី អាចនឹងនាំឱ្យកូរ៉េខាងត្បូងជួបបញ្ហាប្រឈមធំម្តងទៀត ឬអាចនឹងមានហានិភ័យខ្លាំងជាង​​មេរោគកូរ៉ូណាធម្មតាសព្វថ្ងៃនេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

លោក ក្វុន ជូនវ៉ុក (Kwon Joon-wook) អនុប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងបានបញ្ជាក់ប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា មេរោគបម្លែងខ្លួនថ្មីនេះអាចនឹងនាំមកនូវហានិភ័យខ្លាំងសម្រាប់ប្រទេសកូរ៉េ ដែលអាចនឹងទាញស្ថានការណ៍ឱ្យធ្លាក់ដល់ចំណុចអាក្រក់ដូចកាលពីខែធ្នូ ២០២០កន្លងទៅ ដែលមានករណីឆ្លងលើសដល់ពាន់ករណីទៀតផង។ នេះដោយសារតែមេរោគកូរ៉ូណាប្រភេទបម្លែងខ្លួនថ្មីនេះ មានសមត្ថភាពចម្លងខ្លាំងជាប្រភេទមេរោគធម្មតា។

លោកបានលើកឡើងថា មេរោគកូរ៉ូណាប្រភេទថ្មីនេះមានអត្រាចម្លងជាមធ្យមដោយអ្នកជំងឺ ទៅកាន់អ្នកដទៃទៀតបានដល់ទៅ ១.២នាក់ ដែលអត្រានេះខ្ពស់ជាងអត្រាចម្លងរបស់មេរោគកូរ៉ូណាប្រភេទធម្មតា ដែលមានត្រឹមតែ០.៨២នាក់ ប៉ុណ្ណោះ។

ក្នុងនោះដែរ ការប្រកាសថ្មីៗចុងក្រោយនេះរបស់រដ្ឋាភិបាលអង់គ្លេស ដែលជាដើមកំណើតនៃប្រភពមេរោគថ្មីនេះ បានបញ្ជាក់ប្រភេទមេរោគថ្មីនេះក៏មានអត្រាបាត់បង់ជីវិតខ្ពស់ជាងប្រភេទមេរោគកូរ៉ូណាធម្មតាទៀតផង។

បច្ចុប្បន្ននៅកូរ៉េខាងត្បូង អ្នកជំនាញប្រកាសថាមានវត្តមាននៃមេរោគកូរ៉ូណាប្រភេទបម្លែងខ្លួនថ្មីនេះមកពីប្រទេសអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ខណៈដែលអ្នកជំងឺដែលឆ្លងមេរោគប្រភេទថ្មីនេះមាន ១៨ករណីហើយ។

ឆ្លើយតបទៅនឹងហានិភ័យនេះ រដ្ឋាភិបាលកំពុងផ្តោតក្តីសង្ឃឹមលើការបន្តគ្រប់គ្រងបាននៃស្ថានភាពកូវីដ ដោយសារការរំពឹងនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ពីខែកុម្ភៈក្រោយទៅហើយ ដែលកាលវិភាគ និងការរៀបចំលម្អិតនៃកម្មវិធីផ្តល់វ៉ាក់សាំងនេះនឹងត្រូវចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍ក្រោយនេះ បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់សុខាភិបាល។

Leave a Reply

Your email address will not be published. Required fields are marked *