ខណៈកូវីដធូរស្បើយ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ណែនាំក្រសួងអប់រំឱ្យពិនិត្យលទ្ធភាពបង្កើនចំនួនសិស្សរៀនក្នុងថ្នាក់ផ្ទាល់ សម្រាប់ឆមាសថ្មី

កូរ៉េខាងត្បូង៖​ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ណែនាំឱ្យក្រសួងអប់រំកូរ៉េពិចារណាការបង្កើនចំនួនសិស្សទៅរៀនផ្ទាល់នៅក្នុងថ្នាក់រៀនបន្ថែម សម្រាប់ឆមាសថ្មី ក្រោយរលកនៃជំងឺកូវីដហាក់ស្រកធូរស្បើយជាងមុនច្រើនហើយនោះ នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

លោកនាយករដ្ឋមន្ត្រី ឈុង​ ស៊ីឃ្យ៉ុន (Chung Sye-kyun) បានណែនាំឱ្យក្រសួងអប់រំពិភាក្សាជាមួយអជ្ញាធរសុខាភិបាលពិនិត្យមើលលទ្ធភាពអាចឱ្យសិស្សអាចមកចូលសិក្សានៅក្នុងថ្នាក់ផ្ទាល់បន្ថែមទៀមសម្រាប់ឆមាសថ្មីនេះ ប៉ុន្តែក៏ត្រូវបង្ការការឆ្លងរាលដាលមេរោគកូរ៉ូណាចេញពីតាមសាលារៀនផងដែរ។ លោកនាយករដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយបណ្តាអជ្ញាធរអន្តរក្រសួងពាក់ព័ន្ធ ក្នុងការឆ្លើយតបនឹងជំងឺកូវីដនៅថ្ងៃសៅរ៍នេះ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ឆ្នាំនេះទម្រង់នៃការសិក្សាគួរតែមានភាពខុសប្លែកពីឆ្នាំទៅបានហើយ ខណៈដែលស្ថានការណ៍កូវីដហាក់បង្ហាញភាពធូរស្បើយច្រើនផងដែរនោះ។ លោកក៏បានបញ្ជាក់ផងដែរថា ការលើកឡើងបែបនេះក៏ដោយសារតែមើលឃើញផងដែរពីស្ថានភាពលំបាក និងកង្វះប្រសិទ្ធភាព ប៉ះពាល់ចំពោះកុមារ និងឪពុកម្តាយ ដែលត្រូវឱ្យកូនៗរៀនសូត្រពីផ្ទះ។

កន្លងមកនេះ មានការលើកឡើងថាការអនុវត្តវិធានការគម្លាតសង្គម ដែលតម្រូវឱ្យសិស្សមួយភាគធំត្រូវធ្វើការសិក្សាតាមអនឡាញពីផ្ទះ អាចនឹងបង្កើនគម្លាត និងឱកាសនៃការទទួលបានការអប់រំដែលមានគុណភាព និងប្រសិទ្ធភាព ហើយបន្ទុករបស់ឪពុកម្តាយត្រូវនៅមើលថែកូនឱ្យរៀនសូត្រនៅផ្ទះក៏កើនឡើង នាំឱ្យប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ឪពុកម្តាយផងដែរ។ ហើយបញ្ហានៃការបាត់ទំនាក់ទំនងសង្គមរវាងសិស្ស ជាពិសេសរវាងកុមារតូចៗ ក៏អាចជាបញ្ហាប្រឈមដល់ការលូតលាស់ និងប្រែប្រួលអត្តចរឹករបស់ពួកគេផងដែរ។

ក្នុងនោះដែរ របាយការណ៍នៃអង្គការសុខភាពពិភពលោក (WHO) ក៏បានបង្ហាញថាកុមារ និងយុវជនជំទង់ មានអត្រាឆ្លងជំងឺកូវីដ-១៩តិចជាងមនុស្សពេញវ័យ ហើយក៏មានរោគសញ្ញាធូរស្រាល ឬក៏សឹងគ្មានសោះច្រើនផងដែរ។ របាយការណ៍នេះហាក់បង្ហាញថា នៅពេលស្ថានការណ៍កូវីដ-១៩មានភាពធូរស្រាលច្រើន ហើយវិធានការអនាម័យ និងគម្លាតសង្គមនានាត្រូវបានអនុវត្តខ្ជាប់ខ្ជួន ទីតាំងសាលារៀននានាអាចនឹងមិនមែនជាកត្តាហានិភ័យខ្លាំងនៃការម្លងមេរោគកូវីដនេះនោះទេ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង។

 

Leave a Reply

Your email address will not be published. Required fields are marked *