កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារដល់ទៅរយៈពេល ២០ខែ នៅថ្ងៃសុក្រនេះ ដោយបានហើយពាក់ព័ន្ធក្នុងបទល្មើសហឹង្សា និងល្មើសបម្រាមអនាម័យទាក់ទងនឹងជំងឺកូវីដនៅទីសាធារណៈ កាលពីខែសីហាកន្លងទៅ នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
បុរសរូបនេះត្រូវបានកាត់ទោសដោយចោទប្រកាន់ពីបទប្រើប្រាស់អំពើហឹង្សានៅទីសាធារណៈ ដែលកាលពីខែសីហាកន្លងទៅ បានវាយអ្នកធ្វើដំណើរដទៃទៀតចំនួន២នាក់ ចំកណ្តាលមុខ ដោយប្រើប្រាស់ស្បែកជើងផ្ទាត់របស់ខ្លួន នៅក្នុងខ្សែរថភ្លើងលេខ២។ អំពើហឹង្សានេះកើតឡើងដោយសារអ្នកធ្វើដំណើររងគ្រោះ បានប្រាប់ឱ្យបុរសដែលជាជនល្មើសនេះពាក់ម៉ាស់ឱ្យត្រឹមត្រូវនៅទីសាធារណៈតាមបម្រាមរបស់រដ្ឋាភិបាល ដែលនាំឱ្យបង្កទៅជាជម្លោះហឹង្សានេះឡើង។
បើតាមការបញ្ជាក់របស់ចៅក្រមនៃតុលាការក្រុងសេអ៊ូលឱ្យដឹងថា បុរសរូបនេះមិនពាក់ម៉ាក់នៅទីសាធារណៈ ហើយនិយាយលឺខ្លាំងៗនៅក្នុងរថភ្លើង ដែលជាហានិភ័យនៃការចម្លងជំងឺកូវីដដល់អ្នកដទៃទៀត ហើយត្រូវបានអ្នកដំណើរដទៃទៀតស្តីបន្ទោសឱ្យ ក៏កើតទៅជាហឹង្សានេះឡើង។
យ៉ាងណាដែរ តាមការសម្រេចរបស់ចៅក្រម ក៏បានផ្តល់ការបន្ធូរបន្ថយទោសដោយអាស្រ័យស្ថានភាពសតិអារម្មណ៍របស់ជនល្មើសនេះផងដែរ ដែលបានសារភាពថាខ្លួនមានបញ្ហាសតិអារម្មណ៍មួយចំនួន។