កូរ៉េខាងត្បូង៖ ករណីឆ្លងនៃជំងឺកូវីដ-១៩នៅប្រទេសកូរ៉េខាងត្បូង ប្រចាំថ្ងៃសុក្រនេះ មានត្រឹម៣០០ករណីជាងប៉ុណ្ណោះ ខណៈដែលអជ្ញាធរបន្តព្យាយាមជំរុញការអនុវត្តវិធានការគម្លាតសង្គមបន្ត ដើម្បីបន្តកាត់បន្ថយចំនួនករណីឆ្លងនេះបន្ថែមទៀត រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
នៅថ្ងៃសុក្រនេះ ករណីឆ្លងថ្មីកូវីដ-១៩ មានត្រឹម ៣៤៦ ករណី ដែលក្នុងនោះ៣១៤ករណីជាករណីឆ្លងក្នុងស្រុក ខណៈដែលចំនួនឆ្លងសរុបកើនដល់ ៧៤,២៦២ករណីហើយ តាមរបាយការណ៍ចេញដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។ ចំនួនករណីឆ្លងនៅព្រឹកថ្ងៃសុក្រនេះធ្លាក់ចុះពីម្សិលមិញដែលមានដល់ទៅ៤០១ករណី។
ករណីឆ្លងក្នុងស្រុក ៣១៤ករណីមាន ១១៣ករណីនៅក្នុងទីក្រុងសេអ៊ូល ខេត្តក្យ៉ុងគីដូចំនួន១០២ករណី និងក្រុងអ៊ីនឆន់ ៨ករណី ខណៈដែល៣២ករណីរកឃើញមកពីខាងក្រៅប្រទេសកូរ៉េខាងត្បូង។
អជ្ញាធរបន្តបញ្ជាក់ថា នេះជាសញ្ញានៃការធូរស្បើយនៃរលកទី៣ ជំងឺកូវីដហើយ ខណៈដែលចំនួនករណីឆ្លងច្រើនបំផុតនៅក្នុងអំឡុងពេលនៃរលកទីបីនៃជំងឺកូវីដនេះគឺនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលចំនួនករណីឆ្លងឡើងដល់ ១,២៤០ករណីឯណោះ ខណៈដែលក្នុងរយៈពេលនៃសប្តាហ៍មុន ចំនួនករណីឆ្លងមធ្យមនៅក្នុងចន្លោះប្រហែល ៥០០ ករណីជាងប៉ុណ្ណោះ ហើយនៅក្នុងសប្តាហ៍នេះចំនួនករណីថ្មីក៏បន្តធ្លាក់ចុះនៅត្រឹមក្បែរ ៣០០ និង ៤០០ ករណីជាងវិញប៉ុណ្ណោះ។
ទោះជាមានស្ថានភាពធូរស្រាលជាងមុនច្រើន ប៉ុន្តែវិធានការគម្លាតសង្គមនានានៅតែត្រូវបន្តអនុវត្ត។ កូរ៉េខាងត្បូងបានពន្យាររយៈពេលអនុវត្តគម្លាតសង្គម ២សប្តាហ៍ទៀតចាប់ពីថ្ងៃទី១៧ ខែមករានេះមក រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ តែក្នុងនោះក៏មានការបន្ធូរបន្ថយមួយចំនួនធំលើការប្រកបរបរអាជីវកម្មនានាដូចជា ហាងកាហ្វេ កន្លែងហាត់ប្រាណ និងទីតាំងអាជីវកម្មខាងក្នុងជាច្រើនប្រភេទទៀតផងដែរ ដោយអាចប្រកបអាជីវកម្មវិញ តែស្ថិតក្នុងលក្ខខណ្ឌកំណត់នៃវិធានការអនាម័យ និងគម្លាតសង្គមនានាផងដែរ។ ហាងទាំងនេះកន្លងមកប្រឈមខ្លាំងនឹងការខាតបង់ ដោយសារការអនុវត្តគម្លាតសង្គមតឹងរ៉ឹងពេក។
ក្នុងនោះដែរ ការហាមឃាត់ការជួបជុំឯកជនមានគ្នាលើសពី៤នាក់ឡើងទៅ និងការហាមមិនឱ្យមានភ្ញៀវចូលទៅពិសារនៅក្នុងហាងនានាក្រោយម៉ោង៩យប់ នៅតែត្រូវបន្តអនុវត្ត។