អនុព័ន្ធការងារខ្មែរនៅកូរ៉េ ជួបពិភាក្សាជាមួយអ្នកទទួលបន្ទុកពលករវៀតណាមនៅកូរ៉េ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ នៃការងារគាំពារពលករ

កូរ៉េខាងត្បូង៖ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករា ឆ្នាំ២០២១នេះ ក្រុមអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារ ជាមួយលោកស្រី TA THI THANH THUY ប្រធានផ្នែកគ្រប់គ្រងពលករវៀតណាមប្រចាំសាធារណរដ្ឋកូរ៉េ នេះតាមការបង្ហាះក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជា។

ជំនួបពិភាក្សាការងារនេះរៀបចំឡើង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍នៃការជួយគាំពារ និងដោះស្រាយពលកររវាងប្រទេសទាំងពីរនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ភាគីខាងវៀតណាម ក៏បានចែករំលែកព័ត៌មានអំពីចំណុចខ្លាំង និងចំណុចខ្សោយក្នុងការគ្រប់គ្រងពលករផងដែរ។

បើតាមការបញ្ជាក់រៀបរាប់ក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជា ការជួបពិភាក្សានេះបានបញ្ចប់ដោយសេចក្ដីរីករាយ ហើយក្រុមការងារអនុព័ន្ធការងារនៃស្ថានទូតខ្មែរ បានអញ្ជើញលោកស្រីក្នុងពេលវេលាសមស្របណាមួយ ទទួលទាអាហារ ដើម្បីអាចរឹតចំណងមិត្តភាពឱ្យកាន់តែល្អបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះដែរ ក្រុមអនុព័ន្ធការងារនៃស្ថានទូតកម្ពុជាក៏បានជួបពិភាក្សាការងារជាមួយការិយាល័យទីប្រឹក្សាពលករថៃប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងប្រហាក់ប្រហែលគ្នានេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *