នាយករដ្ឋមន្ត្រីកូរ៉េ ស្នើក្រសួង និងស្ថាប័នពាក់ព័ន្ធត្រៀមនីតិវិធីនានា ដើម្បីអាចផ្តល់សំណងខូចខាត ដល់បណ្តាអាជីវកម្មតូចៗរងគ្រោះពីកូវីដ

កូរ៉េខាងត្បូង៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បត្តិ៍នេះបានដាក់ចេញបញ្ជាឱ្យអជ្ញាធរជំនាញផ្នែកហិរញ្ញវត្ថុ រៀបចំនីតិវិធីផ្លូវច្បាប់នានាដើម្បីអាចអនុញ្ញាតឱ្យមានការផ្តល់សំណងខូចខាតមួយចំនួនសម្រាប់អាជីវកររកស៊ីតូចៗ ដែលប៉ះពាល់របរអាជីវកម្មខ្លួនក្នុងអំឡុងពេលនៃការអនុវត្តវិធានការគម្លាតសង្គមកន្លងមក នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

លោកនាយករដ្ឋមន្ត្រី ឈុង ស៊ីឃ្យ៉ុន (Chung Sye-kyun) បានលើកឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំអន្តរក្រសួងថា លោកដឹងច្បាស់អំពីបញ្ហាលំបាកជាពិសេសចំពោះម្ចាស់អាជីវកម្មតូចៗ ដែលប៉ះពាល់ក្នុងអំឡុងពេលដ៏លំបាកនៃជំងឺកូវីដ-១៩នេះ ដែលមកដល់ពេលនេះរយៈពេលជាងមួយឆ្នាំមកហើយ។

លោកនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រសួងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំនីតិវិធីផ្លូវច្បាប់ចាំបាច់នានា ដើម្បីដោះស្រាយបញ្ហានេះ ខណៈដែលសមាជិកសភាមួយចំនួនក៏បានលើកឡើងសេចក្តីស្នើច្បាប់នេះរួចមកហើយផងដែរ។

នាយករដ្ឋមន្ត្រីលើកឡើងបែបនេះ ស្របពេលដែលម្ចាស់អាជីវកម្មជាច្រើនកន្លងមកត្រូវបានបង្ខំឱ្យបិទទ្វារ ផ្អាកដំណើរការបណ្តោះអាសន្នទៅតាមវិធានការចាំបាច់របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ ហើយដែលថ្មីៗនេះមានការចេញមុខតវ៉ាជាបន្តបន្ទាប់ពីសំណាក់ម្ចាស់អាជីវកម្មនានាផងដែរ។

កាលពីសប្តាហ៍មុន ម្ចាស់ហាងកាហ្វេប្រមាណជាង ៣០០ ហាង បានរៀបចំដាក់ពាក្យបណ្តឹងចំពោះរដ្ឋាភិបាល ឱ្យផ្តល់សំណង ១.៨ប៊ីលានវ៉ុន (ប្រមាណ ១.៦៤លានដុល្លារ) ថ្លៃខូចខាតពីការអនុវត្តវិធានការសុខាភិបាលកន្លងមកនេះ។ ក្នុងនោះដែរ ម្ចាស់ទីតាំងហាត់កីឡាមួយចំនួនក៏បានដាក់ពាក្យបណ្តឹងប្រហាក់ប្រហែលគ្នានេះ ប្រឆាំងរដ្ឋាភិបាលកូរ៉េផងដែរ។

កន្លងមក រដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនផ្តល់ជូនដល់ម្ចាស់អាជីវកម្ម ដូចជាការជួយឧបត្ថម្ភលើថ្លៃជួលទីតាំង និងប្រាក់ខែបុគ្គលិកជាដើម ប៉ុន្តែវិធានការទាំងនេះត្រូវបានសាធារណជន ជាពិសេសម្ចាស់អាជីវកម្មរងគ្រោះលើកឡើងថា មិនមានភាពសមស្របទៅនឹងការខាតបង់របស់ខ្លួននោះទេ។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាគាត់យល់ច្បាស់ពីការរិះគន់របស់ម្ចាស់អាជីវកម្មទាំងអស់ ហើយថារដ្ឋាភិបាលមិនអាចបន្តអនុវត្តវិធានការគម្លាតសង្គមដោយលះបង់ឱ្យបណ្តាម្ចាស់អាជីវកម្មទាំងអស់បន្តរងគ្រោះកាន់តែធ្ងន់ធ្ងរទៀតនោះទេ។

បើតាមទិន្នន័យ យ៉ាងហោចណាស់អាជីវកម្ម ៧ ក្នុងចំណោម ១០អាជីវកម្ម បានខាតក្នុងរយៈពេលមួយឆ្នាំ២០២០ ប្រៀបទៅនឹងឆ្នាំ២០១៩កន្លងមក ដោយសារវិធានការគម្លាតសង្គមដែលនាំឱ្យប៉ះពាល់ខ្លាំងដល់ដំណើរការភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មជាច្រើនទៀត។

 

Leave a Reply

Your email address will not be published. Required fields are marked *