ក្រុមហ៊ុនយក្ស LG Electronics អាចដកខ្លួនចេញពីសង្វៀនទីផ្សារទូរស័ព្ទដៃឆាប់ៗខាងមុខ ក្រោយក្រុមហ៊ុនខាតអស់រយៈពេលប៉ុន្មានឆ្នាំជាប់គ្នា

កូរ៉េខាងត្បូង៖ នាយកប្រតិបត្តិក្រុមហ៊ុន LG Electronics បានបង្ហើបនូវថ្ងៃពុធនេះថា ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យានេះអាចនឹងត្រៀមខ្លួនដកចេញពីទីផ្សារផលិតទូរស័ព្ទនាពេលឆាប់ៗខាងមុខនេះ នេះបើតាមការរាយការណ៍ក្នុងសារព័ត៌មាន Korea Times។

លោក ខ្វុន បុងស៊ុក (Kwon Bong-seok) នាយកប្រតិបត្តិនៃក្រុមហ៊ុន LG Electronics បានបញ្ជាក់ថាក្រុមហ៊ុនខ្លួនបានផ្តល់ព័ត៌មានផ្ទៃក្នុងដល់បុគ្គលិកខ្លួនថា បើទោះបីជាក្រុមហ៊ុនមាននូវការសម្រេចចិត្តបែបណាក៏ដោយ ស្ថានភាពនៃបុគ្គលិកគ្រប់ៗរូបនៅតែជាចំណុចអាទិភាពក្នុងការសម្រេចចិត្តរបស់ខ្លួន។ ការជូនព័ត៌មានបែបនេះ គឺអាចជាការឆ្លើយតបទៅនឹងការនិយាយតៗគ្នាអំពីវាសនានៃអាជីវកម្មទូរស័ព្ទដៃរបស់ក្រុមហ៊ុន LG Electronics ដែលអាចនឹងត្រូវបិទទ្វារ ដោយសារតែការខាត មិនសមប្រកបនៅក្នុងអាជីវកម្មទីផ្សារនៃទូរស័ព្ទដៃអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

នេះជាលើដំបូងបង្អស់ហើយ ដែលក្រុមហ៊ុនយក្សនេះបានផ្តល់ការពិព័ណ៌នាអំពីវាសនានៃជំនួញរបស់ខ្លួនក្នុងវិស័យដ៏ណែន ចង្អៀតនេះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ថានឹងផ្តល់នូវតម្លាភាពចំពោះគ្រប់ព័ត៌មាន និងការសម្រេចចិត្តនានាដែលនឹងដាក់ចេញនាពេលអនាគតខាងមុខ។ ក្រុមហ៊ុនបានបញ្ជាក់ថា ឥឡូវនេះជាពេលវេលាហើយដែលខ្លួនត្រូវធ្វើការសម្រេចចិត្តឱ្យបានច្បាស់ថា គួរបន្ត ឬដកខ្លួនចេញពីទីផ្សារមួយនេះដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ខណៈដែលក្រុមហ៊ុនខ្លួនប្រឈមនឹងការខាតបង់ជាច្រើនឆ្នាំកន្លងមកជាប់ៗគ្នានេះ។

ស្របពេលដែលក្រុមហ៊ុន LG Electronics កំពុងផ្តោតខ្លាំងបច្ចុប្បន្នលើទីផ្សារសម្ភារៈអេឡិចត្រូនិច និងសម្ភារៈយានយន្តដទៃទៀតវិញនោះ ការប្រកាសបែបនេះ ហាក់ដូចជាការផ្តល់សញ្ញាកាន់តែច្បាស់អំពីការចាកចេញពីទីផ្សារនៃទូរស័ព្ទដៃនាពេលខាងមុខនេះហើយ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រុមហ៊ុន LG Electronics បានព្យាយាមស្រោចស្រង់មុខមាត់ និងទីផ្សារផលិតផលទូរស័ព្ទដៃរបស់ខ្លួន ដោយបានរៀបចំឡើងវិញរចនាសម្ព័ន្ធផ្ទៃក្នុង បន្ថែមបច្ចេកវិទ្យាថ្មីៗ និងប្លែកៗ រួមទាំងផ្តល់នូវមុខងារថ្មីៗជាច្រើនទៀត ប៉ុន្តែលទ្ធផលនៃផលិតផលរបស់ខ្លួនមិនគាប់ប្រសើរទៅនឹងការប្រកួតប្រជែងពីក្រុមហ៊ុនធំៗដូចជា Samsung, Apple ឬក្រុមហ៊ុនធំៗដទៃទៀតរបស់ចិនដែរនោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *