រាល់អ្នកដំណើរមកពីបរទេស ចូលកម្ពុជា នឹងត្រូវអជ្ញាធរសុខាភិបាលពិនិត្យសំណាកស្វែងរកជម្ងឺកូវីដ-១៩ សិន

ភ្នំពេញ៖ បញ្ហាកូវីដ-១៩ នៅតែបន្តជាបញ្ហាប្រឈម និងជាហានិភ័យផ្នែកសុខាភិបាល ដែលអជ្ញាធរប្រទេសនីមួយៗត្រូវមានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាច្រើនបានកំពុងបើកសេដ្ឋកិច្ច និងតភ្ជាប់ទំនាក់ទំនងជាអន្តរជាតិវិញ។ កម្ពុជាវិញ ក៏ដូចគ្នាដែរ គឹមាននូវវិធានការយ៉ាងប្រុងប្រយ័ត្ន ជាពិសេសចំពោះការធ្វើដំណើរចូលមកដល់របស់អ្នកដំណើរពីបរទេសផងដែរ។ វិធានការទាំងនោះរួមមាន៖

រាល់អ្នកធ្វើដំណើរតាមជើងយន្តហោះមកពីបរទេស រួមទាំងប្រទេសកូរ៉េផង ក្រុមចត្តាឡីស័កនៃក្រសួងសុខាភិបាលនឹងទទួលយកពួកគាត់ទុកនៅកន្លែងកងទ័ពអាកាសដើម្បីពិនិត្យសំណាក។

នៅព្រឹកថ្ងៃបន្ទាប់ មន្រ្តីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ យកសំណាកទៅពិនិត្យនៅវិទ្យាស្ថាន Pasteur ហើយប្រកាសលទ្ធផលធ្វើតេស្តនូវវេលាម៉ោង ១៧:០០ ល្ងាច។ ក្នុងករណីដែលពុំមានអ្នកដំណើរណាម្នាក់ពិនិត្យឃើញមានកូវីដ-១៩ មន្រ្តីមន្ទីរសុខាភិបាលនឹងអនុញាតអោយពួកគាត់ទាំងអស់វិលទៅលំនៅស្ថានវិញរៀងៗខ្លួន ដោយមានរថយន្តក្រុងជូនដំណើរ។

ក៏ប៉ុន្តែក្នុងករណីពិនិត្យឃើញអ្នកដំណើររូបណាម្នាក់មានកូវីដ-១៩ អ្នកដំណើរទាំងអស់នឹងត្រូវបញ្ចូនទៅធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ។

គ្រប់អ្នកដំណើរចូលមកប្រទេសកម្ពុជាទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស (លើកលែងជនជាតិបរទេសមកពី ៦ ប្រទេស ដែលជាប់បំរាមមិនឱ្យចូល តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០) គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ី បញ្ជាក់ថាគ្មានមេរោគកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង។

គ្រប់ការធ្វើដំណើរមកកម្ពុជាតាមផ្លូវអាកាស (គ្រប់ប្រភេទយន្តហោះជំនួញ និងយន្តហោះឈ្នួល) តាមផ្លូវគោក និងផ្លូវទឹក គ្រប់អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ-១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍។

− ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩។

− ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា កូវីដ១៩ អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតិឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ក។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *