ទិន្នន័យឆ្នាំ២០២០ បង្ហាញថា កូរ៉េខាងត្បូងមានរថយន្តចុះបញ្ជើកើនឡើងចំនួនជាង ៣% ខណៈទីផ្សាររថយន្តអគ្គិសនីចាប់ផ្តើមពេញនិយមនៅកូរ៉េ

កូរ៉េខាងត្បូង៖ ចំនួនយានយន្តដែលបានចុះបញ្ជីនៅក្នុងប្រទេសកូរ៉េខាងត្បូង កើនប្រមាណជាង៣ភាគរយក្នុងឆ្នាំ២០២០កន្លងទៅនេះ ខណៈដែលចំនួនរថយន្តប្រើអគ្គិសនីក៏មានឡើងដល់ចំនួន៨០ម៉ឺនគ្រឿងហើយ នេះតាមការរាយការណ៍ដោយរដ្ឋាភិបាលកូរ៉េ និងចុះផ្សាយដោយសារព័ត៌មាន Yonhap News។

គិតត្រឹមចុងឆ្នាំ២០២០ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូងបានចេញរបាយការណ៍ថា ចំនួននៃយានយន្តចុះបញ្ជីការនៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន ២៤,៣៦៥,៩៧៩ គ្រឿង ដែលកើនចំនួន ២.៩% ធៀបទៅនឹងឆ្នាំ២០១៩។ ចំនួនយានយន្តនេះ បើគិតជាមធ្យមគឺអាចសន្និដ្ឋានបានថា មានរថយន្តមួយគ្រឿងក្នុងចំណោមប្រជាជនចំនួន ២.១៣ នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។

ក្នុងនោះដែរ ចំនួននៃយានយន្តបៃតង ពពួកដែលជួយដល់បរិស្ថាន ដូចជាប្រភេទយានយន្ត Hybrid យានយន្តសាកថ្ម Hybrid និងរថយន្តប្រើប្រាស់អគ្គិសនី បានកើនដល់ចំនួន៨២ម៉ឺនគ្រឿងក្នុងឆ្នាំ២០២០នេះ ដែលគិតជាភាគរយ គឺមានចំនួន ៣.៤% នៃចំនួនរថយន្តសរុបដែលមាននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលកើនឡើងពីត្រឹមចំនួន ២.៥% ប៉ុណ្ណោះពីឆ្នាំកន្លងទៅ។

ក្នុងចំណោមយានយន្តបៃតង ពពួកដែលជួយដល់បរិស្ថាននេះ គេឃើញថាមានការកើនឡើងនៃប្រភេទយានយន្ត Hybrid កើនដល់៣៣% មានចំនួន ៦៧៤,៤៦១ គ្រឿង ខណៈរថយន្តប្រើអគ្គិសនីកើន ៥០% ដល់ចំនួន ១៣៤,៩៦២ គ្រឿង។

ក្នុងនោះដែរ ទិន្នន័យបង្ហាញថា ក្នុងចំណោមរថយន្តចុះបញ្ជីទាំងអស់ មានដល់ទៅ៨៩% ជាប្រភេទយានយន្តផលិតក្នុងស្រុក ខណៈដែលយានយន្តនាំចូលមានចំនួនត្រឹម១១%ប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *