ក្រុមអនុព័ន្ធការងារខ្មែរនៅកូរ៉េ ជួបពិភាក្សាជាមួយទីប្រឹក្សាពលករថៃនៅកូរ៉េ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ ក្នុងការងារកិច្ចគាំពារពលករទាំងសងខាង

កូរ៉េខាងត្បូង៖ ក្រុមអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារជាមួយនឹងការិយាល័យទីប្រឹក្សាពលករថៃប្រចាំសាធារណរដ្ឋកូរ៉េ នៅល្ងាចថ្ងៃចន្ទទី១៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍នៃការជួយគាំពារ និងដោះស្រាយពលកររវាងប្រទេសទាំងពីរ។

យោងតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតខ្មែរនៅកូរ៉េ ក្រុមអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក ឡាំ ប្រុស បានជួបពិភាក្សាការងារជាមួយលោកស្រី PINYUDA ប្រធានការិយាល័យទីប្រឹក្សាពលករថៃប្រចាំសាធារណរដ្ឋកូរ៉េ ដែលក្នុងនោះ ក្រុមការងារស្ថានទូតកម្ពុជាបានស្នើសុំការចែករំលែកព័ត៌មានអំពីការឆ្លងជំងឺកូវីដ១៩របស់ពលករថៃ និងវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងថៃក្នុងការជួយពលករដែលឆ្លងជំងឺផងដែរ។

ការជួបពិភាក្សារវាងក្រុមអ្នកតំណាងឱ្យពលករនៃប្រទេសទាំងពីរនៅលើទឹកដីកូរ៉េខាងត្បូង ជាសកម្មភាពដ៏ល្អ ដែលអាចឱ្យមានការចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមកចំណុចល្អៗជាធាតុចូលបន្ថែមក្នុងការងារសម្រួលដល់ការរស់នៅ និងការប្រកបការងាររបស់ពលករ នៃប្រទេសទាំងពីរនៅលើទឹកដីកូរ៉េខាងត្បូងទាំងអស់គ្នានេះ។

ការពិភាក្សា បានបញ្ចប់ដោយសេចក្ដីរីករាយ ហើយបើតាមបញ្ជាក់របស់ស្ថានទូតកម្ពុជា ក្រុមអនុព័ន្ធការងារស្ថានទូតកម្ពុជាក៏បានអញ្ជើញលោកស្រីក្នុងពេលវេលាសមស្របណាមួយ ទទួលទានអាហារ ដើម្បីអាចជាឱកាសរឹតចំណងមិត្តភាពឱ្យកាន់តែល្អបន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *