លទ្ធផលល្អ! ករណីកូវីដថ្មីនៅកូរ៉េខាងត្បូងថ្ងៃចន្ទនេះ ចុះនៅត្រឹម ៣៨៩ ករណី ជាតួលេខថ្មី ទាបជាងគេបង្អស់រយៈពេលពីរខែចុងក្រោយនេះ

កូរ៉េខាងត្បូង៖ ចំនួននៃករណីឆ្លងថ្មីជំងឺកូវីដ-១៩ប្រចាំថ្ងៃ នៅកូរ៉េខាងត្បូងព្រឹកថ្ងៃចន្ទនេះ ចុះមកនៅត្រឹម៣០០ករណីជាង ជាតួលេខទាបជាងគេបង្អស់ក្នុងរយៈពេលពីរខែចុងក្រោយ នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះមានករណីឆ្លងថ្មីកូវីដ-១៩ ត្រឹមតែ៣៨៩ករណីប៉ុណ្ណោះ ដែលក្នុងនោះ៣៦៦ករណីជាករណីឆ្លងក្នុងស្រុក នាំឱ្យចំនួនករណីឆ្លងសរុបមកដល់បច្ចុប្បន្នកើនដល់ ៧២,៧២៩ ករណី។ គិតត្រឹមថ្ងៃនេះ តួលេខនៃករណីឆ្លងថ្មីត្រឹម៣៨៩ករណីនេះ ជាតួលេខទាបជាងគេបង្អស់ក្នុងអំឡុងពេលពីរខែនេះ ដែលគេហៅថាជារលកទី៣នៃជំងឺកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូង។ តួលេខដែលកើនឡើងច្រើនជាងគេគឺនៅថ្ងៃទី២៥ ខែធ្នូ ដែលកើនដល់១,២៤០ករណី ប៉ុន្តែក្រោយៗមកក៏ចាប់ផ្តើមធ្លាក់ចុះ រហូតដល់ថ្ងៃចន្ទនេះដែលតួលេខករណីឆ្លងថ្មីនេះមានចំនួនធ្លាក់ចុះច្រើន គួរជាទីមោទនៈ។

ក្នុងនោះករណីឆ្លងថ្មីនៅទីក្រុងសេអ៊ូលមាន១២៨ករណី ខណៈដែលខេត្តឃ្យ៉ុងគីដូមាន១០៣ករណី រីឯក្រុងអ៊ីនឆន់មានត្រឹម១៣ករណីប៉ុណ្ណោះ។

តាមការលើកឡើងរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង លទ្ធផលធ្លាក់ចុះច្រើននៃករណីឆ្លងថ្មីកូវីដនេះ ជាសញ្ញាដែលរលកទី៣នៃជំងឺកូវីដ-១៩នៅកូរ៉េខាងត្បូងបានថយចុះ ប៉ុន្តែយ៉ាងណាមិញ អជ្ញាធរនៅតែបន្តដាក់នូវការប្រយ័ត្នប្រយែងខ្លាំងចំពោះទីតាំងហានិភ័យខ្ពស់ដូចជា ផ្ទះស្នាក់នៅសម្រាប់មនុស្សចាស់ ព្រះវិហារ និងមន្ទីរពេទ្យជាដើម។

ទិដ្ឋភាពផ្លូវស្ងាត់ជ្រងំ នៅតំបន់ម្យ៉ុងដុង ក្រុងសេអ៊ូល

ដោយសារសញ្ញានៃការថយចុះហានិភ័យនៃជំងឺកូវីដក្នុងរលកទី៣នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានដាក់ចេញវិធានការគម្លាតសង្គមថ្មី ដោយនឹងបន្តអនុវត្តវិធានការគម្លាតសង្គមដែលមានស្រាប់បច្ចុប្បន្នរយៈពេល ២សប្តាហ៍បន្ថែមទៀត ខណៈដែលផ្តល់ការសម្រួលអនុញ្ញាតឱ្យដំណើរការដល់អាជីវកម្មទូទៅមួយចំនួនវិញ។

វិធានការថ្មីដែលនឹងអនុវត្តពីថ្ងៃចន្ទទី១៨ ខែមករា ២០២១ស្អែកនេះ នឹងបន្តដាក់ឱ្យអនុវត្តវិធានការគម្លាតសង្គមមានស្រាប់សម្រាប់ទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញនៅកម្រិតគម្លាតសង្គម២.៥ ខណៈតំបន់ដទៃទៀតនៅវិធានការគម្លាតសង្គមកម្រិត២ដដែល ដោយបន្តអនុវត្តបន្តរយៈពេល២សប្តាហ៍ទៅទៀត ខណៈដែលក្នុងនោះរដ្ឋាភិបាលសម្រេចលើកការហាមឃាត់គម្លាតសង្គមសម្រាប់អាជីវកម្មមួយចំនួនដូចជាហាងកាហ្វេ កន្លែងហាត់ប្រាណ និងទីតាំងអាជីវកម្មផ្សេងៗទៀតដែលប្រតិបត្តិការនៅខាងទីតាំងខាងក្នុងអាគារផងដែរ។

ក្នុងនោះដែរ ដើម្បីត្រៀមសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំចិនក្នុងអំឡុងខែកុម្ភៈខាងមុខ រដ្ឋាភិបាលកូរ៉េបានប្រកាសដាក់ថ្ងៃទី១ ដល់ថ្ងៃទី១៤ ជារយៈកាលពិសេសដែលត្រូវទប់ស្កាត់ការចម្លងជំងឺកូវីដ។ វិធានការផ្សេងៗអាចនឹងត្រូវបញ្ជាក់ជូននាពេលឆាប់ៗខាងមុខផងដែរ។

សូមបញ្ជាក់ថា ចំនួនអ្នកដែលបានព្យាបាលជាទាំងស្រុងពីជំងឺកូវីដមានដល់ ៤៧០ ករណីកាលពីថ្ងៃម្សិលមិញ ដែលនាំឱ្យករណីព្យាបាលជាសរុបកើនដល់ ៥៨,៧២៣ ផងដែរ ខណៈដែលករណីបាត់បង់ជីវិតកើន​ ១៥ករណី ដល់ ១,២៦៤ករណី។

Leave a Reply

Your email address will not be published. Required fields are marked *