សូមប្រុងប្រយ័ត្ន អ្នកប្រើប្រាស់ធនាគារកាណាឌីយ៉ា ចំពោះសារបន្លំធ្វើជាផ្ញើមកពីធនាគារ ដើម្បីបោកបន្លំយកព័ត៌មានសម្ងាត់របស់អ្នក

សូមមានការប្រុងប្រយ័ត្ន ជាមួយនឹងសារដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា

ថ្មីៗនេះ សមត្ថកិច្ចជំនាញ រួមនឹងអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារកាណាឌីយ៉ា ទើបតែបានរកឃើញមានអ្នកប្រើប្រាស់មួយចំនួនបានទទួលសារ ជាភាសាអង់គ្លេសដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា ដោយអះអាងថា គណនីធនាគាររបស់លោកអ្នកត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ដើម្បីឱ្យពួកគេបញ្ជាក់អំពីអត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights. www.canadias.com)។

នៅពេលដែលអ្នកប្រើប្រាស់ចូលទៅគេហទំព័រតាមតំណភ្ជាប់នោះ វានឹងទាមទារឱ្យបំពេញព័ត៌មានលម្អិតមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ផងដែរ។ តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា នេះគឺជាគេហទំព័រក្លែងក្លាយដែលជនខិលខូចបង្កើតឡើងដើម្បីបោកបញ្ឆោតយកព័ត៌មាន ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ។

ក្នុងនោះដែរ ធនាគារកាណាឌីយ៉ាផ្ទាល់ក៏បានជូនដំណឹងបដិសេធនូវវិធីសាស្រ្តបោកប្រាស់ថ្មីនេះ ដល់គ្រប់កម្មវិធីទូរស័ព្ទ Mobile App របស់ធនាគារកាណាឌីយ៉ាផ្ទាល់ ដោយបានបញ្ជាក់ថាប្រសិនបើមាននរណាម្នាក់រងគ្រោះ ដោយបានចុចទៅលើតំណភ្ជាប់ដែលបោកប្រាស់ខាងលើនេះ សូមទាក់ទងទៅកាន់លេខ 023 215885 / 023 868 222 ជាបន្ទាន់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារណាមួយ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព្រោះនេះគឺជាល្បិចដែលជនខិលខូចប្រើដើម្បីលួចយកព័ត៌មានរបស់លោកអ្នកតែប៉ុណ្ណោះ ហើយវិធីដែលល្អបំផុតនោះគឺលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានព័ត៌មានបន្ថែម៕

គំរូនៃសារបោកប្រាស់ដែលត្រូវបានផ្ញើមកអ្នកប្រើប្រាស់សេវាកម្មធនាគារកាណាឌីយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *