ក្នុងឆ្នាំ២០២០កន្លងទៅ មានពលរដ្ឋខ្មែរយើង ១៩ នាក់ បាត់បង់ជីវិតនៅលើទឹកដីកូរ៉េខាងត្បូង ដោយសារមូលហេតុផ្សេងៗគ្នា

កូរ៉េខាងត្បូង៖ ក្នុងរយៈពេលមួយឆ្នាំ២០២០កន្លងទៅនេះ មានពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងចំនួនដល់ ១៩នាក់ បានស្លាប់បាត់បង់ជីវិត នេះបើតាមការបញ្ជាក់ផ្ទាល់ពីសំណាក់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ប្រាប់ទៅកាន់សារព័តមានទូរទស្សន៍ PNN News នៅកម្ពុជា។

តាមរយៈសារតេឡេក្រាមឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន PNN ក្នុងចំណោមពលរដ្ឋខ្មែរទាំង១៩នាក់ដែលបានបាត់បង់ជីវិតនោះ គឺបណ្តាលមកពីមូលហេតុផ្សេងៗគ្នាដូចជាជំងឺគាំងបេះដូង ជំងឺផ្ទាល់ខ្លួន គ្រោះថ្នាក់ចរាចរណ៍ ឃាតកម្ម អត្តឃាត និងគ្រោះថ្នាក់ការងារ។

ក្នុងចំណោមពលរដ្ឋខ្មែរទាំងនោះ មាន១១នាក់ជាពលករខ្មែរមកធ្វើការនៅកូរ៉េ ដែលមាន២រូបស្លាប់ដោយជំងឺគាំងបេះដូង ៤រូបស្លាប់ដោយជំងឺផ្ទាល់ខ្លួន ២រូបដោយសារគ្រាះថ្នាក់ការងារ ១រូបដោយសារគ្រោះថ្នាក់ចរាចរណ៍ ១រូបដោយឃាតកម្ម និង១រូបទៀតដោយសារការធ្វើអត្តឃាត។ ក្នុងនោះដែរ ពលរដ្ឋខ្មែរ៨រូបទៀតដែលបានបាត់បង់ជីវិត គឺជាពលរដ្ឋខ្មែរទូទៅដែលមាន ១រូបស្លាប់ដោយសារជំងឺគាំងបេះដូង ៦រូបដោយសារជំងឺផ្ទាល់ខ្លួន និង១រូបទៀតដោយសារគ្រោះថ្នាក់ចរាចរណ៍។

ចំនួនតួលេខនេះ តាមការបញ្ជាក់របស់លោកទូត គឺបានកើនឡើងពីឆ្នាំ២០១៩ ដែលមានពលរដ្ឋខ្មែរតែ១៣នាក់ប៉ុណ្ណោះបាត់បង់ជីវិត។

លោកឯកអគ្គរាជទូតបានបញ្ជាក់ថា​ ក្រោមសមត្ថកិច្ច និងការសម្របសម្រួលពីសំណាក់ស្ថានទូត ក្រុមការងារស្ថានទូតតែងបានជួយអនុវត្តពិធីចាត់ចែងសព ជួយសម្របសម្រួលរៀបចំឯកសាររដ្ឋបាល និងរៀបចំទាមទារផលប្រយោជន៍ផ្សេងៗដែលត្រូវបានទទួលដោយគ្រួសារសព ដូចជាប្រាក់ធានារ៉ាប់រង ឬប្រាក់សំណងផ្សេងៗជូនដល់ក្រុមគ្រួសារ ដើម្បីគ្រួសារសពអាចទទួលបានភាពកក់ក្តៅ បើទោះបីជាបានបាត់បង់សមាជិកគ្រួសារដ៏មានតម្លៃ និងគួរឱ្យសោកស្តាយក៏ដោយ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមគ្រួសារនៃសពពលករខ្មែរយើង ឈ្មោះ ហេង គឹមអេង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានសរសេរលិខិតថ្លែងអំណរគុណជូនដល់ក្រុមការងារស្ថានទូតដែលបានជួយសម្របសម្រួល និងរៀបចំឯកសារដើម្បីអាចទទួលបានប្រាក់សំណងជូនដល់ក្រុមគ្រួសារដោយផ្ទាល់ និងដោយយកចិត្តទុកដាក់ផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *