ថ្ងៃអាទិត្យនេះ ករណីថ្មីកូវីដនៅកូរ៉េខាងត្បូង មានត្រឹម៥០០ករណីប៉ុណ្ណោះ ជាសញ្ញាថយចុះនៃរលកទី៣នេះ ខណៈវិធានការនានានៅត្រូវបន្តអនុវត្ត

កូរ៉េខាងត្បូង៖ ចំនួននៃករណីឆ្លងថ្មីជំងឺកូវីដ-១៩ប្រចាំថ្ងៃ នៅកូរ៉េខាងត្បូងនៅបន្តមានត្រឹមប្រហែល៥០០ករណីប៉ុណ្ណោះ រយៈពេលប្រាំមួយថ្ងៃជាប់គ្នាហើយគិតត្រឹមថ្ងៃអាទិត្យនេះ ជាលទ្ធផលល្អជាផ្លែផ្កានៃការអនុវត្តវិធានការគម្លាតសង្គមមានប្រសិទ្ធភាព នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះមានករណីឆ្លងថ្មីកូវីដ-១៩ ត្រឹមតែ៥២០ករណីប៉ុណ្ណោះ ដែលក្នុងនោះ៥០០ករណីជាករណីឆ្លងក្នុងស្រុក ខណៈដែលចំនួនករណីឆ្លងសរុបមកដល់បច្ចុប្បន្នកើនដល់ ៧២,៣៤០ ករណីហើយ។

ក្នុងនោះករណីឆ្លងថ្មីនៅទីក្រុងសេអ៊ូលមាន១៤២ករណី ខណៈដែលខេត្តឃ្យ៉ុងគីដូមាន១៧៣ករណី រីឯក្រុងអ៊ីនឆន់មានត្រឹម៣៥ករណីប៉ុណ្ណោះ។

តាមការលើកឡើងរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង លទ្ធផលធ្លាក់ចុះច្រើននៃករណីឆ្លងថ្មីកូវីដនេះ ជាសញ្ញាដែលរលកទី៣នៃជំងឺកូវីដ-១៩នៅកូរ៉េខាងត្បូងបានថយចុះ ប៉ុន្តែយ៉ាងណាមិញ អជ្ញាធរនៅតែបន្តដាក់នូវការប្រយ័ត្នប្រយែងខ្លាំងចំពោះទីតាំងហានិភ័យខ្ពស់ដូចជា ផ្ទះស្នាក់នៅសម្រាប់មនុស្សចាស់ ព្រះវិហារ និងមន្ទីរពេទ្យជាដើម។

ដោយសារសញ្ញានៃការថយចុះហានិភ័យនៃជំងឺកូវីដក្នុងរលកទី៣នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានដាក់ចេញវិធានការគម្លាតសង្គមថ្មី ដោយនឹងបន្តអនុវត្តវិធានការគម្លាតសង្គមដែលមានស្រាប់បច្ចុប្បន្នរយៈពេល ២សប្តាហ៍បន្ថែមទៀត ខណៈដែលផ្តល់ការសម្រួលអនុញ្ញាតឱ្យដំណើរការដល់អាជីវកម្មទូទៅមួយចំនួនវិញ។

វិធានការថ្មីដែលនឹងអនុវត្តពីថ្ងៃចន្ទទី១៨ ខែមករា ២០២១ស្អែកនេះ នឹងបន្តដាក់ឱ្យអនុវត្តវិធានការគម្លាតសង្គមមានស្រាប់សម្រាប់ទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញនៅកម្រិតគម្លាតសង្គម២.៥ ខណៈតំបន់ដទៃទៀតនៅវិធានការគម្លាតសង្គមកម្រិត២ដដែល ដោយបន្តអនុវត្តបន្តរយៈពេល២សប្តាហ៍ទៅទៀត ខណៈដែលក្នុងនោះរដ្ឋាភិបាលសម្រេចលើកការហាមឃាត់គម្លាតសង្គមសម្រាប់អាជីវកម្មមួយចំនួនដូចជាហាងកាហ្វេ កន្លែងហាត់ប្រាណ និងទីតាំងអាជីវកម្មផ្សេងៗទៀតដែលប្រតិបត្តិការនៅខាងទីតាំងខាងក្នុងអាគារផងដែរ។

សូមបញ្ជាក់ថា ចំនួនអ្នកដែលបានព្យាបាលជាទាំងស្រុងពីជំងឺកូវីដមានដល់ ៦៩៩ ករណីកាលពីថ្ងៃម្សិលមិញ ដែលនាំឱ្យករណីព្យាបាលជាសរុបកើនដល់ ៥៨,២៥៣ ផងដែរ ខណៈដែលករណីបាត់បង់ជីវិតកើនដល់ ១,២៤៩ករណី។

Leave a Reply

Your email address will not be published. Required fields are marked *