កូរ៉េខាងត្បូង៖ យោធានៃប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខរៀងទី៦ ជាយោធាដែលមានសមត្ថភាពយោធាខ្លាំងជាងគេប្រចាំឆ្នាំ២០២១នេះ តាមរបាយការណ៍ថ្មីមួយរបស់ស្ថាប័ន Global Firepower (GFP) សម្រាប់ឆ្នាំ២០២១ ដែលរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
តាមរយៈរបាយការណ៍ដែលទើបនឹងចេញផ្សាយនេះ ប្រទេសកូរ៉េខាងត្បូងទទួលបានចំណាត់ថា្នក់លេខរៀងទី៦ ក្នុងចំណោមប្រទេសទាំងអស់ចំនួន១៣៨ប្រទេស ដោយទទួលបានពិន្ទុ ០.១៦២១។ នេះជាចំណាត់ថ្នាក់ដែលដូចទៅនឹងចំណាត់ថ្នាក់កាលពីឆ្នាំកន្លងទៅដែរ។
សូមបញ្ជាក់ថា ការចេញចំណាត់ថ្នាក់នេះគឺផ្អែកទៅលើកត្តាធាតុផ្សំដល់ទៅជាង៥០មុខ ដែលក្នុងនោះមានដូចជាកម្លាំងកងទ័ព សមត្ថភាពហិរញ្ញវត្ថុ ការចំណាយលើវិស័យយោធា ស្ថានភាពសព្វាវុធ និងភស្តុភារ និងស្ថានភាពភូមិសាស្រ្តជាដើម។ តាមរបាយការណ៍នេះ ប្រទេសដែលទទួលបានពិន្ទុកាន់តែតូចជាងគេ ជាប្រទេសដែលមានចំណាត់ថ្នាក់កម្លាំងយោធាខ្លាំងជាងគេ។
ការវាយតម្លៃរបស់របាយការណ៍នេះគឺប្រទេសសហរដ្ឋអាម៉េរិកនៅចំណាត់ថ្នាក់លេខ១ រុស្ស៊ីនៅចំណាត់ថ្នាក់លេខ២ ចិនលេខ៣ ឥណ្ឌាលេខរៀងទី៤ ជប៉ុនលេខរៀងទី៥ និងកូរ៉េខាងត្បូងលេខរៀងទី៦ តាមពីក្រោយដោយប្រទេសបារាំង និងចក្រភពអង់គ្លេស។ រីឯប្រទេសកូរ៉េខាងជើងបានធ្លាក់មកដល់ចំណាត់ថ្នាក់លេខ ២៨ ពីលេខរៀង២៥ កាលពីឆ្នាំកន្លងទៅ។
សូមបញ្ជាក់ថា ស្ថាប័ន Global Firepower (GFP) គឺជាស្ថាប័នស្រាវជ្រាវផ្នែកសមត្ថភាពយោធា និងជាស្ថាប័នឯករាជ្យដែលបានចេញរបាយការណ៍ប្រចាំឆ្នាំស្តីពីកម្លាំងយោធារបស់រដ្ឋចំនួន១៣៨ប្រទេស ចាប់តាំងពីឆ្នាំ២០០៦មក។