រដ្ឋាភិបាលកូរ៉េ បន្តអនុវត្តវិធានការគម្លាតសង្គមមានស្រាប់ ២សប្តាហ៍បន្ថែមទៀត ប៉ុន្តែសម្រួលអនុញ្ញាតអាជីវកម្មមួយចំនួនឱ្យដំណើរការវិញ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះបានដាក់ចេញវិធានការគម្លាតសង្គមថ្មី ដោយនឹងបន្តអនុវត្តវិធានការគម្លាតសង្គមដែលមានស្រាប់បច្ចុប្បន្នរយៈពេល ២សប្តាហ៍បន្ថែមទៀត ខណៈដែលផ្តល់ការសម្រួលអនុញ្ញាតឱ្យដំណើរការដល់អាជីវកម្មទូទៅមួយចំនួនវិញ នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

រដ្ឋាភិបាលបញ្ជាក់ថាវិធានការថ្មីនេះនឹងចាប់ផ្តើមបន្តអនុវត្តពីថ្ងៃចន្ទសប្តាហ៍ក្រោយ ទី១៨ ខែមករា ឆ្នាំ២០២១នេះទៅ។  វិធានការថ្មីនេះនឹងបន្តដាក់ឱ្យអនុវត្តវិធានការគម្លាតសង្គមមានស្រាប់សម្រាប់ទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញនៅកម្រិតគម្លាតសង្គម២.៥ ខណៈតំបន់ដទៃទៀតនៅវិធានការគម្លាតសង្គមកម្រិត២ដដែល ដោយបន្តអនុវត្តបន្តរយៈពេល២សប្តាហ៍ទៅទៀត ខណៈដែលក្នុងនោះរដ្ឋាភិបាលសម្រេចលើកការហាមឃាត់គម្លាតសង្គមសម្រាប់អាជីវកម្មមួយចំនួនដូចជាហាងកាហ្វេ កន្លែងហាត់ប្រាណ និងទីតាំងអាជីវកម្មផ្សេងៗទៀតដែលប្រតិបត្តិការនៅខាងទីតាំងខាងក្នុងអាគារផងដែរ។

ទីតាំងហាត់ប្រាណ សាលាបង្រៀនគួរ កន្លែងអាជីវកម្មខារ៉ាអូខេ នៅក្នុងទីក្រុងសេអ៊ូលនឹងអាចបើកអាជីវកម្មដំណើរការវិញបាន ប៉ុន្តែក្រោមលក្ខខណ្ឌដែលទីតាំងទាំងនោះអនុវត្តទៅតាមវិធានការគម្លាតសង្គម និងអនាម័យដែលបានកំណត់ ដូចជាការកំណត់ឱ្យមានគម្លាតដោយអាចមានមនុស្សតែម្នាក់ ក្នុងកន្លែងទំហំ ៨ម៉ែត្របួនជ្រុងពីគ្នា និងត្រូវបិទដំណើរការនៅម៉ោង៩យប់។ ទីតាំងហាត់ប្រាណត្រូវផ្អាកការហាត់ប្រាណជាថ្នាក់រួមគ្នា។ ចំណែកទីតាំងហាងកាហ្វេនឹងត្រូវអនុញ្ញាតឱ្យមានភ្ញៀវចូលអង្គុយពិសារក្នុងហាងបានវិញ ត្រឹមម៉ោង៩យប់ដូចភោជនីយដ្ឋានទូទៅដែរ រីឯទីតាំងសាសនានានាត្រូវអនុញ្ញាតឱ្យមានចំនួនមនុស្សបានត្រឹម ១០% នៃចំនួនមនុស្សដែលទីតាំងនោះអាចផ្ទុកបានសរុប សម្រាប់ទីតាំងសាសនាក្នុងតំបន់សេអ៊ូល ខណៈតំបន់ដទៃទៀតអាចផ្ទុកបានដល់ចំណុះ ២០%។

ចំណែកឯបម្រាមហាមឃាត់មិនឱ្យមានការជួបជុំគ្នាលើសពី៤នាក់ និងការហាមឃាត់ការបើកអាជីវកម្មតាមភោជនីយដ្ឋាននានាត្រឹមម៉ោង៩យប់ ក៏នឹងនៅតែបន្តអនុវត្តរហូតពីរសប្តាហ៍ទៀតផងដែរ។

លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានស្នើឱ្យប្រជាជនកូរ៉េមានការយោគយល់ចំពោះការដាក់បន្តអនុវត្តវិធានការរឹតបន្តឹងបន្តទៀតបែបនេះ បើទោះបីជាចំនួននៃមេរោគកូរ៉ូណាឆ្លងថ្មីហាក់មានសភាពធូរស្បើយជាងមុនច្រើនហើយក៏ដោយ។ លោកបានបញ្ជាក់ថា នាពេលដ៏ខ្លីក្នុងខែកុម្ភៈខាងមុខ នៅពេលដែលការផ្តល់វ៉ាក់សាំងចាប់ផ្តើម នោះស្ថានការណ៍អាចនឹងមានភាពប្រសើរជាងមុនរឹតតែច្រើនឡើង។

រដ្ឋមន្ត្រីសុខាភិបាលក៏បានលើកពីហេតុផលគាំទ្រវិធានការបន្តអនុវត្តនេះ ដោយបញ្ជាក់ថាដោយសាររដូវត្រជាក់នៅតែបន្តយ៉ាងហោចដល់២ខែទៀតឯណោះ ដូចនេះហានិភ័យនៃជំងឺកូវីដ-១៩នេះនៅតែបន្តមាន ដែលរដ្ឋាភិបាល និងប្រជាជនគ្រប់ៗរូបត្រូវតែបន្តចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាតនេះ។ ក្នុងនោះដែរ ចំពោះរយៈកាលនៃពិធីបុណ្យចូលឆ្នាំចិនក្នុងខែកុម្ភៈខាងមុខនេះ រដ្ឋាភិបាលក៏បានកំណត់ដាក់ថ្ងៃទី១ ដល់ថ្ងៃទី១៤ កុម្ភៈ ជាដំណាក់កាលពិសេសដើម្បីទប់ស្កាត់ការចម្លងមេរោគនេះផងដែរ ដែលវិធានការនានានឹងត្រូវប្រកាសនាពេលក្រោយៗទៀត។

Leave a Reply

Your email address will not be published. Required fields are marked *