កម្ពុជា៖ រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួនដល់១លានដូស ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចផ្តល់ជូនប្រជាជនកម្ពុជាបានដល់ ៥០ម៉ឺននាក់ នេះជាការប្រកាសតាមរយៈវីដេអូផ្សាយបន្តផ្ទាល់មួយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងបរិបទបច្ចុប្បន្ននេះដែលប្រទេសនានាកំពុងតែចាប់ផ្តើមរៀបចំទទួលវ៉ាក់សាំង និងគ្រោងបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនវេជ្ជសាស្រ្តនានាទៅហើយនោះ កម្ពុជាមិនអាចនៅតែបន្តរង់ចាំទាល់តែមានការសម្រេចប្រកាសទទួលស្គាល់វ៉ាក់សាំងដោយអង្គការសុខភាពពិភពលោក (WHO) នោះទេ។ ក្នុងន័យនេះហើយ ទើបសម្តេចតេជោ អនុញ្ញាតឱ្យកម្ពុជាអាចប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩បាន ដែលជាវ៉ាក់សាំងពីក្រុមហ៊ុនស៊ីណូហ្វាម (SinoPharm) របស់ប្រទេសចិន។
ហេតុផលមួយផ្សេងទៀតដែលសំខាន់ និងឆ្លុះបញ្ចាំងពីហេតុផលសុវត្ថិភាពនៃវ៉ាក់សាំងរបស់ប្រទេសចិនដែលសម្តេចតេជោទទួលយកនេះ គឺវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ត្រូវបានថ្នាក់ដឹកនាំ និងរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។ ជាក់ស្តែង សម្តេចបានលើកឡើង រដ្ឋមន្ត្រីការបរទេសចិន ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់ប្រទេសចិននោះ បានចាក់វ៉ាក់សាំងកូវីដផលិតនៅប្រទេសចិន និងនៅតែមានសុខភាពល្អប្រសើរ និងអាចធ្វើដំណើរទស្សនកិច្ចទៅជាច្រើនកន្លែងផងដែរ ចំណែកឯប្រធានាធិបតីឥណ្ឌូនេស៊ីក៏ដូចគ្នា គឺបានទទួលវ៉ាក់សាំងលើកដំបូង ដែលជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។
ចំពោះបញ្ហានៃការស្តុកទុក និងរក្សាគុណភាពថ្នាំ សម្តេចតេជោ បានបញ្ជាក់ពីមូលហេតុ ដែលប្រើវ៉ាក់សាំងស៊ីណូហ្វាមនេះ ដោយសារវាអាចរក្សានៅក្នុងសីតុណ្ហភាព ២ ទៅ៨អង្សាលើសូន្យ ងាយស្រួលក្នុងការរក្សាទុក បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះ តម្រូវឱ្យរក្សានៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ។ បន្ថែមពីលើនោះ ការប្រើប្រាស់វ៉ាក់សាំងរបស់ចិន ងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។
បើតាមសម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះ មិនថា តែវ៉ាក់សាំងចិនទេ វ៉ាក់សាំងប្រទេសដទៃទៀត ក៏មិនទាន់ដឹងពីសុពលភាព ឬប្រសិទ្ធភាពនៅឡើយទេ។ ប៉ុន្តែសម្រាប់មេដឹកនាំចិន បានប្រើប្រាស់វ៉ាក់សាំងចិននេះ តាំងពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ។ សម្តេចតេជោ បានបន្ថែមទៀតថា «យើងមិនអាចបន្តរង់ចាំបន្តទៀតបានទេ ដោយសារភាពចាំបាច់នៃការការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង ដែលសព្វថ្ងៃនេះ ម្សិលមិញនេះមានការឆ្លងរហូតដល់ ១៥នាក់។ ថ្ងៃនេះក៏មានការឆ្លងរហូតដល់ ១០នាក់បន្ថែមទៀត ដែលសុទ្ធតែចេញមកពីប្រទេសថៃនៅជិតខាងយើង។ ដូច្នេះយើងមានការចាំបាច់ ដើម្បីប្រើប្រាស់នូវវ៉ាក់សាំងនេះ សម្រាប់ការការពារ»។
សម្តេចតេជោ បានបញ្ជាក់ដែរថា ក្រៅពីការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូសជាជំនួយរបស់ចិននេះទៅ កម្ពុជានឹងបន្តស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ ឬរហូតដល់ ១៣លាន បើមានតម្រូវការឱ្យចាក់វ៉ាក់សាំង ដល់ ៨០ភាគរយ នៃចំនួនប្រជាពលរដ្ឋនោះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ជនអាទិភាពដែលនឹងត្រូវទទួលបានវ៉ាក់សាំងនោះ រួមមាន៖ អ្នកនៅជុំវិញព្រះមហាក្សត្រ, សម្តេចតេជោ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា ព្រមទាំងគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា អ្នករត់ម៉ូតូឌុប ម៉ូតូកង់៣ និងតាក់ស៊ីជាដើម។ យ៉ាងណាមិញ ការផ្តល់វ៉ាក់សាំងនេះធ្វើឡើងដោយមិនគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង។