កូរ៉េខាងត្បូង៖ ក្រុមហ៊ុនសេវាកម្មប្រព័ន្ធទូរស័ព្ទ LG Uplus ដ៏ធំរបស់កូរ៉េខាងត្បូង ប្រកាសនៅថ្ងៃសុក្រនេះថាក្រុមហ៊ុនខ្លួននឹងឈប់ធ្វើការផ្តល់សេវាកម្មប្រព័ន្ធ 2G ទៀតហើយចាប់ពីចុងខែមិថុនា ឆ្នាំ២០២១នេះទៅ ដែលមានន័យថាប្រព័ន្ធ 2G ដែលហួសសម័យនេះ នឹងត្រូវបិទបញ្ចប់ទាំងស្រុងនៅលើទឹកដីកូរ៉េខាងត្បូងហើយ នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
ក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបានស្នើសុំរដ្ឋាភិបាលសម្រាប់ការបញ្ចប់ការផ្តល់ប្រព័ន្ធសេវាកម្ម 2G នេះហើយ ដែលការបញ្ចប់នេះនឹងចាប់ផ្តើមអនុវត្តជាផ្លូវការពីខែមិថុនា ឆ្នាំ២០២១ ប៉ុន្មានខែខាងមុខនេះ។
ក្រុមហ៊ុន LG Uplus ជាក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ធទូរស័ព្ទចុងក្រោយគេហើយ ដែលធ្វើការបញ្ចប់ការផ្តល់សេវាកម្មទូរស័ព្ទ 2G នេះ ខណៈដែលក្រុមហ៊ុន SK Telecom បញ្ចប់ការផ្តល់ប្រព័ន្ធ 2G តាំងពីខែកក្កដា ឆ្នាំ២០២០កន្លងទៅ រីឯក្រុមហ៊ុន KT Corp វិញបានបិទចោលប្រព័ន្ធសេវាកម្ម 2G នេះតាំងពីឆ្នាំ២០១២មកម្លេះ។
បើតាមតំណាងក្រុមហ៊ុន LG Uplus បានឱ្យដឹងការបញ្ឈប់ផ្តល់សេវាកម្ម 2G នេះគឺដោយសារតែប្រព័ន្ធនេះហួសសម័យ និងមិនមានការពេញនិយមទៀតនោះទេ ជាពិសេសចាប់តាំងពីប្រព័ន្ធសេវាកម្ម 5G ទើបនឹងត្រូវដាក់ឱ្យប្រើប្រាស់ផងដែរនោះ។ ហើយម្យ៉ាងទៀត ប្រភេទទូរស័ព្ទថ្មីៗដែលទើបនឹងចេញ ក៏មិនមានតម្រូវការប្រើប្រព័ន្ធ 2G នេះផងដែរ ដែលនាំការប្រើប្រាស់សេវាកម្ម 2G នេះក៏ហាក់ដូចជាហួសសម័យអស់ទៅហើយ។ ក្រុមហ៊ុនបញ្ជាក់ថា ខ្លួននឹងងាកមកផ្តោតអាទិភាពពង្រឹងសេវាកម្មរបស់ខ្លួនសម្រាប់ប្រព័ន្ធ 5G វិញដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ដល់ទៅ ២.៥លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
បច្ចុប្បន្នតាមតួលេខរបស់ក្រសួងបច្ចេកវិទ្យាកូរ៉េ ចំនួនអ្នកប្រើសេវាកម្ម 2G នៅសល់ត្រឹមតែជាង ៣៧ម៉ឺននាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដល់ទៅ ១៤.៨ លាននាក់ ប្រមាណត្រឹមតែ២.៥%ប៉ុណ្ណោះ។ ប្រព័ន្ធនេះត្រូវដាក់ឱ្យប្រើដំបូងតាំងពីឆ្នាំ១៩៩៦ ដោយក្រុមហ៊ុន SK Telecom ដែលជាដំណាក់កាលដំបូងនៃការស្ទុះឡើងនៃទីផ្សារទូរស័ព្ទដៃក្នុងប្រទេសកូរ៉េខាងត្បូង។