ប្រធានាធិបតីកូរ៉េ ទុកចិត្ត និងផ្តល់អំណាចពេញលេញដល់ប្រធានស្ថាប័នការពារជំងឺឆ្លង រៀបចំកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ ចាប់ពីខែកុម្ភៈនេះហើយ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េ លោក មូន ជេអ៊ីន បានដាក់ចេញអនុសាសន៍ណែនាំឱ្យប្រធាននៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងកូរ៉េខាងត្បូង​ (KDCA) ទទួលបានអាណត្តិ និងអំណាចពេញលេញក្នុងការរៀបចំកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ-១៩ក្នុងប្រទេសកូរ៉េខាងត្បូងនាពេលខាងមុខ នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

លោកប្រធានាធិបតី មូន បានដាក់ចេញអនុសាសន៍បែបនេះខណៈពេលទទួលស្តាប់ការរាយការណ៍វឌ្ឍនភាពការងារពីប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងកូរ៉េខាងត្បូង​ (KDCA) លោកស្រី ជុង អ៊ុនឃ្យ៉ុង (Jeong Eun-kyeong) លើផែនការសកម្មភាពអន្តរក្រសួងនៃការរៀបចំផ្តល់កម្មវិធីវ៉ាក់សាំងកូវីដ-១៩។

លោក មូន ជេអ៊ីនបានលើកឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារចាក់វ៉ាក់សាំងនោះថា រឿងដែលសំខាន់បំផុតនៃការផ្តល់វ៉ាក់សាំងគឺការធានារក្សាឱ្យបាននូវកម្រិតជឿទុកចិត្តពីប្រជាជន ទៅលើដំណើរការគ្រប់ជំហាននៃការផ្តល់វ៉ាក់សាំង ដូចនេះលោកជឿទុកចិត្ត និងផ្តល់អាណត្តិ និងសិទ្ធិអំណាចពេញលេញ ដល់លោកស្រីប្រធានជាអ្នកជំនាញ ក្នុងការធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់លើកិច្ចការផ្តល់វ៉ាក់សាំងនេះ។

ក្នុងនោះដែរ លោកប្រធានាធិបតីក៏បានក្រើនរំលឹកឱ្យអជ្ញាធរជំនាញសុខាភិបាលទទួលធ្វើកិច្ចការនេះឱ្យបានម៉ត់ចត់ ធានាថាគ្រប់ដំណាក់កាលនៃកម្មវិធីផ្តល់វ៉ាក់សាំងនេះ ចាប់តាំងពីដំណាក់កាលស្តុកទុកវ៉ាក់សាំង រហូតដល់ដំណាក់ចែកចាយ និងផ្តល់ជូនប្រជាជន អាចប្រព្រឹត្តទៅជោគជ័យ និងដោយរលូន។

ដោយទទួលបានការជឿទុកចិត្តពេញលេញ  លោកស្រីប្រធាននៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងកូរ៉េខាងត្បូងបានលើកឡើងថា លោកស្រីគ្រោងនឹងរៀបចំសមាសភាពក្រុមការងារផ្តល់វ៉ាក់សាំងនេះ ដោយមានសមាសភាពចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាអាចមានធនធានកម្លាំងគ្រប់គ្រាន់ដើម្បីអាចរៀបចំសហការ ធ្វើការបែងចែកការចាក់វ៉ាក់សាំងនេះឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។ លោកស្រីលើកថែមទៀតថា នឹងបង្កើតឱ្យមានផែនការសកម្មភាពជាក់លាក់ ដើម្បីអាចធានាថាការផ្តល់វ៉ាក់សាំងនេះធ្វើទៅដោយស្មើភាព តម្លាភាព និងសុវត្ថិភាពទៅតាមក្បួនខ្នាតបច្ចេកទេសវេជ្ជសាស្រ្តផងដែរ។

បើតាមការបញ្ជាក់ពីវិមានប្រធានាធិបតី ដំណើរការនៃការផ្តល់វ៉ាក់សាំងកូវីដចែកជាង ៥ ដំណាក់កាល រាប់ចាប់តាំងពីដំណាក់កាលទទួលការអនុញ្ញាតពីរដ្ឋាភិបាល ដំណាក់កាលដឹកជញ្ជូន ដំណាក់កាលរៀបចំស្តុកទុក និងចែកចាយ ដំណាក់កាលត្រៀមចាក់វ៉ាក់សាំង និងដំណាក់កាលផ្តល់វ៉ាក់សាំង ហើយបានបញ្ជាក់ថារដ្ឋាភិបាលនឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងនេះចាប់ពីខែក្រោយនេះទៅ។

Leave a Reply

Your email address will not be published. Required fields are marked *