ចែករំលែក! ក្រុមការងារស្តី្រនៃស្ថានទូត សហការនឹងក្រុមហ៊ុន និងកាកបាទក្រហមកូរ៉េ រៀបចំឧបត្ថម្ភសហគមន៍ស្ត្រីខ្មែរនៅកូរ៉េ ជួបការលំបាក ៣០ គ្រួសារ

កូរ៉េខាងត្បូង៖ ក្រុមការងារស្តី្រនៃស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីជូនដំណឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនដល់សាធារណជន ពិសេសបងប្អូនស្ត្រីខ្មែរយើងដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ អំពីការផ្តល់ជំនួយដល់សហគមន៍ស្ត្រីខ្មែរដែលកំពុងជួបបញ្ហាលំបាកជីវភាពខ្លាំងនៅប្រទេសកូរ៉េ។

ក្រុមការងារស្រ្តីបានឱ្យបានជ្រាបថា តាមរយៈលោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានសម្របសម្រួល និងស្នើសុំជំនួយពីក្រុមហ៊ុនធានារ៉ាប់រងសាជីវកម្មកូរ៉េ (KDIC) និងកាកបាទក្រហមកូរ៉េ ដើម្បីផ្ដល់ជំនួយដល់សហគមន៍ស្ត្រីខ្មែរដែលកំពុងជួបបញ្ហាលំបាកជីវភាពខ្លាំង ដោយផ្ដល់ជាគូប៉ុង (Coupon) ដែលមានទឹកប្រាក់ ៥០ ម៉ឺនវ៉ុន ក្នុងមួយគ្រួសារសម្រាប់ ៣០ គ្រួសារ ដែលកំពុងនោះអាចប្រើសម្រាប់ទិញសម្ភារៈ និងគ្រឿងឧបភោគនានាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩។

ក្រុមការងារបានបញ្ជាក់ថា អាស្រ័យហេតុនេះស្ថានទូតខ្មែរនៅកូរ៉េ សូមអំពាវនាវដល់បងប្អូននៅគ្រប់តំបន់មេត្តាជួយផ្ដល់ព័ត៌មានអំពីស្ត្រីខ្មែរយើងដែលកំពុងជួបបញ្ហាលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីស្ថានទូតបានរៀបចំឈ្មោះនិងព័ត៌មានសំខាន់ផ្សេងៗជូនភាគីម្ចាស់ជំនួយកូរ៉េដើម្បីពិនិត្យ និងវាយតម្លៃតាមលក្ខខណ្ឌនៃការផ្ដល់ជូនក្រុមគ្រួសារ ដែលមានតម្រូវការចាំបាច់បំផុតចំនួន ៣០ គ្រួសារ។

លក្ខខណ្ឌនៃការផ្ដល់ជំនួយមានដូចខាងក្រោម៖
-ក្រុមគ្រួសារដែលណែនាំដោយស្ថានទូត
-មានចំណូលតិចជាងចំណូលជាមធ្យមរបស់ជនជាតិកូរ៉េ
-ឈ្មោះ លេខទូរសព្ទ facebook និង អាសយដ្ឋានទំនាក់ទំនង
-រូបថតក្រុមគ្រួសារមួយសន្លឹក

នីតិវិធីនៃការជ្រើសរើស៖
-ស្ថានទូតនឹងធ្វើការជ្រើសរើស រួចធ្វើបញ្ជីឈ្មោះចំនួន ៣០ គ្រួសារ ដោយភ្ជាប់ជាមួយលិខិតបញ្ជូនជាផ្លូវការទៅកាន់កាកបាទក្រហមកូរ៉េ ដើម្បីពិនិត្យនិងធ្វើការវាយតម្លៃ
-បន្ទាប់ពីវាយតម្លៃរួច កាកបាទក្រហមកូរ៉េនឹងទំនាក់ទំនងទៅបងប្អូនស្ត្រីខ្មែរ ដើម្បីធ្វើការផ្ញើជាគូប៉ុងដែលមានទឹកប្រាក់ ៥០ ម៉ឺននោះ ទៅក្រុមគ្រួសារផ្ទាល់តែម្ដង។

សូមផ្តល់ព័ត៌មានត្រឡប់មកវិញតាមរយៈក្រុមការងារស្រ្តីស្ថានទូត 02 37851041 / 010 71803839 ឬទម្លាក់ទាក់ទងទៅហ្វេសប៊ុក Srun Sreyneang ឬទៅកាន់ទំព័រហ្វេសប៊ុកស្ថានទូត ឬក្រុមការងារស្ត្រី ឱ្យបានត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច។

Leave a Reply

Your email address will not be published. Required fields are marked *