លទ្ធផលសិក្សា៖ អ្នកជំងឺកូវីដ-១៩ រកឃើញថាអាចមានបញ្ហាជ្រុះសក់ ថប់ និងពិបាកដកដង្ហើមក្រោយពីជាសះស្បើយពីជំងឺកូវីដ

សេអ៊ូល៖ អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយត្រូវបានរាយការណ៍ពីករណីជ្រុះសក់ និងបញ្ហាពិបាកដកដង្ហើម ហើយខ្លះទៀតឃើញមានបញ្ហាសួតផងដែរ ប៉ុន្មានខែក្រោយពីបានព្យាបាលជាសះស្បើយកូវីដ នេះបើតាមការសិក្សាតូចមួយរបស់អជ្ញាធរសុខាភិបាលកូរ៉េដែលប្រកាសនាថ្ងៃព្រហស្បត្តិ៍នេះ រាយការណ៍តាមសារព័ត៌មាន Yonhap News។

បើតាមសម្រង់មតិមួយដែលសិក្សាលើអ្នកជំងឺកូវីដ-១៩ ចំនួន៤០នាក់ដែលបានជាសះស្បើយ គេរកឃើញថាអាការៈមួយចំនួនដែលអ្នកជាពីជំងឺកូវីដមានដូចជាបញ្ហាជ្រុះសក់ និងថប់ពិបាកដកដង្ហើមជាពិសេសពេលហាត់ប្រាណ ដែលជាអាការៈប្រហាក់ប្រហែលគ្នាសម្រាប់អ្នកទាំងនោះក្នុងរយៈពេល៣ខែ ក្រោយពីជាពីជំងឺកូវីដ នេះតាមការរាយការណ៍ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។

បន្ទាប់មកទៀតក្នុងរយៈពេល៦ខែបន្ទាប់ពីជាពីជំងឺ គេរកឃើញថាអ្នកជំងឺហាក់នៅបន្តមានបញ្ហាទាក់ទងនឹងកម្លាំងដែលឆាប់ចុះខ្សោយ និងឆាប់ហត់។ ក្នុងនោះដែរ តាមរយៈការស្គេនមើលអវៈយវៈគ្រឿងក្នុងរបស់អ្នកជំងឺ គេហាក់សង្កេតឃើញថាអ្នកជំងឺមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសួត ជាពិសេសក្នុងរយៈពេល៣ខែក្រោយពីព្យបាលជាពីជំងឺកូវីដ ប៉ុន្តែអាការៈនេះហាក់ថមថយនៅពេលដល់ខែទី៦ក្រោយពីជាពីជំងឺកូវីដ។

សម្រាប់ផ្នែកចិត្តសាស្រ្តវិញ មានការរាយការណ៍ថាអ្នកជំងឺជាមួយចំនួនហាក់មានការប៉ះពាល់ផ្លូវអារម្មណ៍ ដូចជាជំងឺធ្លាក់ទឹកចិត្ត (Depression) និងការប៉ះទង្គិចផ្លូវអារម្មណ៍ផងដែរ (Post Traumatic Stress Disorder)។

សូមបញ្ជាក់ថា របាយការណ៍នេះមិនមែនទាន់ជាលទ្ធផលច្បាស់ការ ដែលអាចកំណត់ពីផលប៉ះពាល់ជារួម ជាលក្ខណៈវិទ្យាសាស្រ្តច្បាស់សម្រាប់អ្នកដែលព្យាបាលជាពីជំងឺកូវីដនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *