ក្រសួងការពារជាតិកូរ៉េខាងត្បូង នឹងបង្កើនសមត្ថភាពយោធាខ្លួន ត្រៀមឆ្លើយតបទៅនឹងការគម្រាមកំហែងយោធានានាពីកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងនឹងព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងបង្កើនសមត្ថភាពយោធា និងអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតបក្សកុំម្មុយនីស្តកូរ៉េខាងជើង ថ្មីៗនេះ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ការបញ្ជាក់ពីផែនការពង្រឹងយោធារបស់កូរ៉េខាងត្បូងនេះ គឺឆ្លើយតបទៅនឹងការប្រកាសខ្លាំងៗរបស់មេដឹកនាំកូរ៉េខាងជើងថានឹងពង្រឹងកម្លាំងយោធា និងជាពិសេសអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារខ្លួន និងប្រើជាមធ្យោបាយចរចាជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិកផងដែរ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាអ្នកជំនាញខ្លួន កំពុងធ្វើការវិភាគ និងវាយតម្លៃពីស្ថានការណ៍នៃយោធារបស់កូរ៉េខាងជើង ដើម្បីអាចដាក់ចេញនូវផែនការឆ្លើយតបឱ្យមានប្រសិទ្ធភាព។

អ្នកនាំពាក្យការពារជាតិកូរ៉េខាងត្បូងលើកឡើងថា ការធ្វើទំនើបកម្មយោធារបស់ខ្លួនបច្ចុប្បន្ន គឺមានសមត្ថភាពអាចទប់ទល់នឹងមីស៊ីលប្រភេទចម្លាយខ្លីរបស់កូរ៉េខាងជើងបាន ហើយកូរ៉េខាងត្បូងនឹងព្យាយាមបង្កើនសមត្ថភាពយោធាខ្លួន ដើម្បីការពារខ្លួនពីការគម្រាមកំហែងពីរដ្ឋកុំម្មុយនីស្តកូរ៉េខាងជើងបន្ថែមទៀត ខណៈដែលភូមិសាស្រ្តនយោបាយនៃឧបទ្វីបកូរ៉េនៅតែត្រូវបន្តពឹងពាក់លើតួអង្គសហរដ្ឋអាម៉េរិក ដែលហាក់មិនមានលទ្ធផលគាប់ប្រសើរទាល់តែសោះនោះ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃមហាសន្និបាតបក្សកុំម្មុយនីស្តកូរ៉េខាងជើងថ្មីៗនេះ មេដឹកនាំកំពូល គីម ជុងអ៊ុនបានដាក់ចេញបញ្ជាឱ្យមានការផលិតគ្រាប់មីស៊ីលនុយក្លេអ៊ែរគ្រប់ប្រភេទ ទាំងកម្រិតតូច មធ្យម និងកម្រិតធ្ងន់ រួមនឹងការផលិតឱ្យបានក្បាលគ្រាប់មីស៊ីលនុយក្លេអ៊ែរខ្នាតធំជាងគេផងដែរ។ ក្នុងនោះដែរ លោក គីម ជុងអ៊ុនក៏បានបង្អួតពីសមត្ថភាពនៃការផលិតបានកប៉ាល់មុជទឹកជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបង្កើនសមត្ថភាពបន្ថែមដើម្បីអាចមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាម៉េរិកផងដែរ។

លោកគីម ជុងអ៊ុនបានលើកឡើងទៀតថា សម្រាប់ពេលខាងមុខ សកម្មភាព និងគោលនយោបាយការបរទេសអាទិភាពរបស់កូរ៉េខាងជើង គឺត្រូវ “ផ្តោតលើការពង្រឹងខ្លួនឱ្យខ្លាំងជាងសហរដ្ឋអាម៉េរិក ដែលជាឧបសគ្គ និងជាសត្រូវធំជាងគេបំផុត សម្រាប់ការពង្រឹងបដិវត្តន៍របស់យើង” តាមការបញ្ជាក់ក្នុងសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ ការលើកឡើងបែបនេះ សំដៅដល់ការបន្តពង្រឹងសមត្ថភាពយោធា និងជាពិសេសគឺសមត្ថភាពនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *