កូរ៉េខាងត្បូង៖ តុលាការក្រុងសេអ៊ូលចេញសាលដីកាសម្រេចឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង សងសំណងរាប់លានដុល្លារដល់បុរសជនជាតិកូរ៉េម្នាក់ដែលត្រូវបានរកឃើញថារងការចោទប្រកាន់ខុស និងជាប់ក្នុងពន្ធនាគារអស់រយៈពេល១០ឆ្នាំ នេះបើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
សាលដីការបស់តុលាការក្រុងសេអ៊ូលចេញនៅថ្ងៃពុធនេះបានសម្រេចឱ្យបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ជាដើមចោទ ទទួលបានជ័យជម្នះលើរដ្ឋាភិបាលកូរ៉េ មន្ត្រីប៉ូលីសម្នាក់ និងព្រះរាជអជ្ញាម្នាក់ដែលបានស៊ើបអង្កេតលើករណីពាក់ព័ន្ធនឹងដើមចោទខាងលើ និងដែលកន្លងមកបានសម្រេចឱ្យដើមចោទរូបនេះ ជាប់ទោស និងអនុវត្តទោសជាប់ពន្ធនាគារអស់ជាង១០ឆ្នាំកន្លងមក។
តុលាការក្រុងសេអ៊ូលសម្រេចកាត់ក្តីឱ្យបុរសជាដើមចោទ ទទួលបានសំណងនៃការខូចខាតនៃរយៈពេលជាប់ឃុំឃាំងនោះ ជាមួយទឹកប្រាក់ជំងឺចិត្តដល់ទៅ ១.៣ប៊ីលានវ៉ុន (ប្រមាណ១.១៩ លានដុល្លារ) ឱ្យទៅលោក ឆយ និង ៣០០លានវ៉ុនទៀតឱ្យទៅគ្រួសាររបស់គាត់។
សូមបញ្ជាក់ថា ដំណើរដើមទងនៃករណីនេះ គឺបុរសជនជាតិកូរ៉េ ជាដើមចោទនេះឈ្មោះថា “ឆយ” បច្ចុប្បន្នមានអាយុ៣៧ឆ្នាំ ហើយត្រូវបានពាក់ព័ន្ធនឹងករណីឃាតកម្មមួយកាលពីខែសីហា ឆ្នាំ២០០០ នៅតំបន់អ៊ីកសាន (Iksan) ដែលក្នុងការស៊ើបអង្កេតនោះ បុរសជាដើមចោទ ដែលកាលនោះមានអាយុ១៦ឆ្នាំ ត្រូវបានមន្ត្រីប៉ូលីសស៊ើបអង្កេតបង្ខំឱ្យធ្វើការសារភាពលើទោសដែលគាត់មិនបានប្រព្រឹត្ត។ បុរសដើមចោទនេះត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។ ក្នុងនោះដែរ ព្រះរាជអជ្ញាដែលបច្ចុប្បន្នជាចុងចោទក្នុងករណីដ៏ចម្លែកនេះ កាលពីឆ្នាំ២០០៣ បានសម្រេចរំសាយករណីចោទប្រកាន់លើជនសង្ស័យម្នាក់ទៀត ដែលប៉ូលីសរកឃើញថាជាជនល្មើសពិតប្រាកដក្នុងករណីឃាតកម្មនោះ ដោយសម្អាងថាមិនមានភស្តុតាងគ្រប់គ្រាន់។
ក្រោយពីរយៈពេល១០ឆ្នំាដែលបុរសជាដើមចោទបច្ចុប្បន្ន អនុវត្តទោសជាប់ឃុំឃាំងក្នុងពន្ធនាគាររួចរាល់ នៅឆ្នាំ២០១៣ លោក ឆយ បានសម្រេចដាក់ពាក្យប្តឹងសើរ៉ើករណីឃាតកម្មនេះឡើងវិញ ដោយអះអាងថាខ្លួនត្រូវបានប៉ូលីសជាចុងចោទបង្ខំឱ្យធ្វើការសារភាពដោយគាត់មិនបានប្រព្រឹត្ត ដែលករណីប្តឹងសើរ៉ើនេះត្រូវបញ្ចប់នៅ៣ឆ្នាំក្រោយមក នៅឆ្នាំ២០១៦ ដែលដើមចោទត្រូវរំសាយចោលការចោទប្រកាន់ទាំងអស់ និងបញ្ជាក់ថាគ្មានទោសកំហុសពិតមែន បើទោះបីជាបានអនុវត្តការជាប់ឃុំឃាំងពេញលេញរួចហើយក៏ដោយ។
ក្នុងទឹកប្រាក់សំណងនេះ តុលាការក៏បានតម្រូវឱ្យប៉ូលីសខាងលើ និងព្រះរាជអជ្ញាដែលជាប់ចោទក្នុងករណីនេះ ចូលរួមសំណងចំនួន ២០% នៃទំហំប្រាក់សំណងទាំងអស់ផងដែរ។
ក្នុងនោះដែរ ជនល្មើសពិតប្រាកដក្នុងករណីនេះ ក៏ត្រូវបានធ្វើការឃាត់ខ្លួនជាថ្មី និងកាត់ទោសឱ្យជាប់ពន្ធនាគារដល់ទៅ១៥ឆ្នាំ ដោយតុលាការកំពូលក្នុងឆ្នាំ២០១៨ផងដែរ។