ប្រយ័ត្នផង! ជនខិលខូចកំពុងប្រើវិធីថ្មីបន្លំខ្លួនជាក្រុមហ៊ុន Wing ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន និងលេខគណនីយើង តាម Telegram

“ជនខិលខូចកំពុងតែប្រើល្បិចលួចយកព័ត៌មានគណនីវីង (Wing) តាមរយៈកម្មវិធី Telegram”។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានចុះផ្សាយនូវអត្ថបទមួយបង្ហាញអំពីវិធីបោកប្រាស់ថ្មី ដោយយកឈ្មោះក្រុមហ៊ុនវីង (Wing) មកបន្លំដើម្បីឆបោកតាមប្រព័ន្ធ Telegram។

នាយកដ្ឋានបានបញ្ជាក់ថា កាលពីថ្មីៗនេះបានសង្កេតឃើញថាមានជនខិលខូចមួយចំនួនកំពុងតែចែកចាយតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយសន្យាថាលោកអ្នកនឹងទទួលបានប្រាក់កាសដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើ។ ប៉ុន្តែនៅពេលដែលលោកអ្នកចុចនៅលើតំណភ្ជាប់នោះ ពួកគេនិងស្នើសុំយកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា ប័ណ្ណសម្គាល់ខ្លួន និងលេខគណនីជាដើម។

នាយកដ្ឋានជំនាញបានបញ្ជាក់យ៉ាងច្បាស់ថា ពាក់ព័ន្ធនឹងករណីនេះ បើតាមការឆ្លើយតបរបស់ក្រុមហ៊ុន Wing ក្នុសារឆ្លើយឆ្លង (Comments) គឺក្រុមហ៊ុន Wing ពុំមានប្រើប្រព័ន្ធទំនាក់ទំនង Telegram ទេ ដូច្នេះសូមលោកអ្នកកុំចុចលើតំណភ្ជាប់នោះ ហើយសូមបញ្ឈប់ការចែកចាយ ព័ត៌មាននេះតាមបណ្ដាញទំនាក់ទំនងសង្គមទៀត។

នាយកដ្ឋានបានស្នើសូមឱ្យបងប្អូនអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្នជាមួយការបោកបញ្ឆោតមួយចំនួនមានដូចជា ការឈ្នះរង្វាន់ ការទទួលបានទំនិញផ្ញើពីបរទេសដែលទាមទារឱ្យលោកអ្នកបង់ប្រាក់ជាមុន ឬទាមទារយកទិន្នន័យផ្ទាល់ខ្លួននោះ ព្រោះនេះគឺជាល្បិចរបស់ជនខិលខូចដើម្បីបោកបញ្ឆោតយកប្រាក់កាសរបស់លោកអ្នក ឬយកទិន្នន័យទាំងនោះដើម្បីលួចចូលគណនី និងធ្វើការបោកបញ្ឆោតផ្សេងៗទៀតតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *