កូរ៉េខាងត្បូង៖ អ្នកទោសប្រមាណជាង៩០០នាក់នៅកូរ៉េខាងត្បូង នឹងត្រូវដោះលែងអោយនៅក្រៅឃុំជាបណ្តោះអាសន្នសិននៅក្នុងសប្តាហ៍នេះ ជាវិធានការចុងក្រោយរបស់រដ្ឋាភិបាលកូរ៉េឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងខ្លាំងជាសហគមន៍នៅតាមមណ្ឌលឃុំឃាំងនានាទូទាំងប្រទេស រាយការណ៍តាមសារព័ត៌មាន Yonhap News។
ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានបញ្ជាក់ថា នៅតាមមណ្ឌលឃុំឃាំង និងមណ្ឌលកែប្រែនានាត្រូវការទីតាំង និងចន្លោះគម្លាតដើម្បីអាចអនុវត្តវិធានការនានាប្រឆាំងនឹងការឆ្លងមេរោគកូរ៉ូណានេះមានប្រសិទ្ធភាព។ ដូចនេះ ការរៀបចំដោះលែងអ្នកទោសឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃស្អែក ថ្ងៃព្រហសត្បត្តិ៍នេះទៅហើយ។
ដើម្បីអាចសម្រួលដល់អនុវត្តនេះ អជ្ញាធរបានធ្វើការបន្ធូរបន្ថយលក្ខខណ្ឌនានាដើម្បីពិនិត្យថាតើអ្នកទោសម្នាក់ណា សមស្របអាចធ្វើការដោះលែងឱ្យនៅក្រៅឃុំបានជាបណ្តោះអាសន្ន ជាពិសេសគឺបន្ធូរបន្ថយចំពោះអ្នកទោសចាស់ជរា ដែលមានស្ថានភាពជំងឺប្រចាំកាយ និងអ្នកទោសដទៃទៀតដែលអាចមានហានិភ័យប្រឈមនឹងការឆ្លងខ្លាំង។ ប៉ុន្តែការអនុវត្តនេះ មិនត្រូវលើកលែងចំពោះអ្នកទោសធ្ងន់ធ្ងរដែលមានកម្រិតទោសពេញមួយជីវិត ឬអ្នកទោសពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនោះទេ។
ការដាក់ចេញវិធានការនេះ គឺក្រោយពីមានករណីផ្ទុះជាសហគមន៍ខ្លាំងចេញពីទីតាំងគុកមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល ដែលនាំឱ្យមានការពាក់ព័ន្ធឆ្លងតគ្នារហូតដល់ទៅ១២០០ករណីឯណោះ តាំងពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ ករណីឆ្លងសហគមន៍ប្រភពចេញពីមណ្ឌលឃុំឃាំងនេះ ជាករណីឆ្លងសហគមន៍ធំជាងគេទីពីរនៅក្នុងប្រទេសកូរ៉េ បន្ទាប់ពីករណីឆ្លងចេញពីព្រះវិហារសាសនាមួយកន្លែងកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅ។
ក្នុងនោះដែរ ករណីមួយចំនួនក៏បានកើតចេញបន្តពីអ្នកទោសដែលត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់ទីតាំងមណ្ឌលឃុំឃាំង ឬគុកដទៃទៀត ដោយបានភ្ជាប់ជាមួយនូវមេរោគនាំឱ្យមានការឆ្លងបន្តគ្នាផងដែរ។
ឥឡូវនេះ អ្នកទោសដែលត្រូវបានផ្ទេរទៅទីតាំងថ្មី នឹងត្រូវធ្វើតេស្តសុខភាពជាមុន ហើយត្រូវធ្វើចត្តាឡីស័ក និងត្រូវធ្វើតេស្តចុងក្រោយទៀត ហើយប្រសិនបើលទ្ធផលទាំងអស់នៅតែវិជ្ជមាន ទើបអាចចូលទៅនៅជាមួយអ្នកទោសដទៃទៀតបាន។ ខណៈដែលជាទូទៅរៀងរាល់សប្តាហ៍ មន្ត្រីគុក និងបណ្តាអ្នកទោសត្រូវធ្វើការតេស្តពិនិត្យសុខភាពរកមើលមេរោគកូរ៉ូណាផងដែរ។
រដ្ឋាភិបាលក៏បានរៀបចំឱ្យមានក្រុមការងារជំនាញមួយ ដើម្បីធ្វើការឆ្លើយតបបន្ទាន់ទៅនឹងករណីវិជ្ជមានណាមួយដែលរកឃើញនៅតាមទីតាំងមណ្ឌលឃុំឃាំង ឬគុកនានា ក្នុងនោះដែរក្រុមការងារនឹងធ្វើការតាមដានលម្អិតទៅនឹងបណ្តាអ្នកសង្ស័យដែលមានទំនាក់ទំនងជាមួយអ្នកដែលរកឃើញវិជ្ជមាន ដោយពិនិត្យមើលសកម្មភាពគ្រប់ជំហានតាមប្រព័ន្ធកាំម៉េរាផងដែរ។