ក្រុមហ៊ុនកូរ៉េបង្ហើបគោលបំណង​វិនិយោគនៅកម្ពុជា និងផ្តល់ម៉ាស់ការពារ ៥ម៉ឺនសន្លឹក ដល់ស្ថានទូត ដើម្បីអាចផ្តល់ជូនដល់ពលរដ្ឋខ្មែរនៅកូរ៉េ

កូរ៉េខាងត្បូង៖ ម៉ាស់ការពារជំងឺឆ្លងចំនួន៥ម៉ឺនសន្លឹក ត្រូវបានក្រុមហ៊ុនកូរ៉េ Namyoung Global ប្រគល់មកស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង ដើម្បីអាចចែកជូនដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ នេះតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជានៅសេអ៊ូល។

លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូរ៉េខាងលើនេះ ហើយត្រៀមខ្លួនរួចរាល់ក្នុងការជួយផ្ដល់ព័ត៌មាន ក៏ដូចជាសម្របសម្រួលដល់ក្រុមហ៊ុន Namyoung Global ដែលមានបំណងនាំចូលគ្រឿងម៉ាស៊ីនផលិតម៉ាស់ ស្រោមដៃពេទ្យ ក៏ដូចជាបណ្ដាក់ទុនវិនិយោគរោងចក្រផលិតម៉ាស់ និងបរិក្ខារពេទ្យនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ម៉ាសទាំង ៥ម៉ឺនសន្លឹកខាងលើ ស្ថានទូតនឹងចាត់ចែងផ្ញើជូនសហគមន៍ខ្មែរយើង តាមរយៈបណ្ដាសមាគមខ្មែរ មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ និងលោកគ្រូ-អ្នកគ្រូមួយចំនួន ដែលធ្វើការនៅតាមមជ្ឈមណ្ឌលគាំពារពលករ មជ្ឈមណ្ឌលគាំពារគ្រួសារអន្តោប្រវេសន៍ជាដើមទូទាំងកូរ៉េ នេះបើតាមការបញ្ជាក់របស់លោកឯកអគ្គរាជទូតផ្ទាល់។

Leave a Reply

Your email address will not be published. Required fields are marked *