បច្ចុប្បន្នក្នុងខែត្រជាក់ចឹង ដឹងអត់ថាតើការងូតទឹកក្ដៅក្នុងរដូវរងារនេះ ល្អ​ ឬមានផលប៉ះពាល់ចំពោះសុខភាព និងស្បែកដែរឬទេ

តើការងូតទឹកក្ដៅនារដូវរងាល្អចំពោះសុខភាពនិងស្បែកដែរ ឬទេ?

មនុស្សមួយចំនួនខ្លាចមិនចង់ហ៊ានងូតទឹក ក៏ប៉ុន្តែ អ្នកខ្លះបានជ្រើសការងូតទឹកក្ដៅជំនួសដើម្បីសម្រួលណាស់ យោងតាមប្រភពបរទេស Skymetweatherបានលើកឡើងថា ការងូតទឹកក្ដៅគឺមានទាំងគុណវិបត្តនិងគុណសម្បត្តិរៀងៗខ្លួន ដែលវាក៏អាស្រ័យទៅលើរយៈពេលនៃការងូតទឹកក្ដៅរបស់អ្នកផងដែរ។ ដូច្នេះអ្នកគួរតែដឹងពី គុណសម្បត្តិរបស់វា៖

មែនទែនទៅ ការងូតទឹកក្ដៅគឺជារឿងល្អចំពោះអ្នក ទាំងសុខភាពនិង ផ្លូវអារម្មណ៍របស់អ្នក នៅពេលអ្នកងូតទឹកក្ដៅ ទៀតសោត វាធ្វើឲ្យអ្នកមានអារម្មណ៍ថាបានធូរស្បើយក្នុងការ បន្ធូរអារម្មណ៍ពីភាពតានតឹង ការស្ត្រេសពីការងារ ​ធ្វើឲ្យអ្នកគេងលក់ស្រួល និងអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អពេញមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា ការងូតទឹកជាមួយទឹកក្ដៅមិនត្រឹមតែអាចជួយបំបាត់ការឈឺចាប់សាច់ដុំ និងអាចជួយសំលាប់មេរោគធូលីនៅលើស្បែកប៉ុណ្ណោះទេ ថែទាំងជួយបើករន្ធញើសនៅលើស្បែកដែលស្ទះបានល្អទៀតផង ជាពិសេសគឺ វាអាចជួយបំបាត់ស្នាមអុជខ្មៅៗនៅលើស្បែក ធ្វើឲ្យស្បែកមានសភាពភ្លឺស្រស់ថ្លាផងដែរ។

ទន្ទឹមនិងនេះ អ្នកជំនាញខាងស្បែកបាននិយាយថា ការងូតទឹកក្ដៅកំឡុងពេលខែរងាវានឹងធ្វើឲ្យស្បែករបស់អ្នកឆាប់ស្ងួត។ ជាទូទៅ ខែរងាជាខែមួយដែលស្បែករបស់អ្នកបាត់បង់ជាតិសំណើមខ្ពស់ ហើយត្រូវការជាតិទឹកនិងប្រេងដើម្បីជួយឲ្យស្បែកមើលទៅមានសភាពទន់មានពន្លឺ។ ដូច្នេះ នៅពេលអ្នកងូតទឹកជាមួយទឹកក្ដៅក្នុងរយៈពេលយូរ វានិងធ្វើឲ្យស្បែករបស់អ្នកប្រែជាឆាប់ស្ងួតកាន់តែលឿន ហើយវានឹងធ្វើឲ្យស្បែកបាត់បង់សំណើមនិងជាតិប្រេងមួយចំនួនផងដែរ។ ប្រសិនបើអ្នកងូតទឹកក្ដៅទាំងសក់ទៀតនោះ វានឹងធ្វើឲ្យខូចសក់របស់អ្នកយ៉ាងឆាប់រហ័ស ព្រោះទឹកក្ដៅវានឹងទៅបំផ្លាញឬសនៃគល់សក់របស់អ្នក។

សូមបញ្ជាក់ផងដែរថា ប្រសិនបើអ្នកជ្រើសការងូតទឹកក្ដៅឧណ្ឌនារដូវរងា សូមងូតក្នុងរយៈពេលខ្លី​ ឬអាចលាយទឹកត្រជាក់ឲ្យបានច្រើនជាងឬមានភាពសមល្មម បើសិនជាអាចអ្នកមិនគួរងូតត្រាំក្នុងទឹកក្ដៅនោះទេក្នុងកំឡុងពេលនេះ ដើម្បីជៀសវាងពីបញ្ហាស្បែកស្ងួត​បាត់បង់សំណើមនិងជាតិប្រេងរបស់ស្បែកអ្នក។

ខ្លឹមសារអត្ថបទទាំងស្រុងពី៖ Healthy Cambodia (តឹក ស៊ីថា)

Leave a Reply

Your email address will not be published. Required fields are marked *