ដំណឹងល្អណាស់! នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូងមានករណីថ្មីជំងឺកូវីដត្រឹមជាង ៤០០ ករណី ជាតួលេខទាបជាងគេ ៤១ ថ្ងៃចុងក្រោយ

កូរ៉េខាងត្បូង៖ ករណីជំងឺកូវីដ-១៩ឆ្លងថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងព្រឹកថ្ងៃចន្ទនេះ បានចុះមកដល់កម្រិតទាបបំផុតជាងគេក្នុងរយៈពេលជាង១ខែចុងក្រោយ ជាលទ្ធផលផ្លែផ្កាសម្រេចបានពីវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឹងអនុវត្តកន្លងមក នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ករណីឆ្លងកូវីដថ្មីកើនឡើងត្រឹមតែ ៤៥១ ករណីប៉ុណ្ណោះនៅព្រឹកថ្ងៃចន្ទនេះ ដែលក្នុងនោះ៤១៩ករណីជាករណីឆ្លងក្នុងស្រុក ខណៈដែលចំនួនករណីឆ្លងថ្មីសរុបកើនដល់ ៦៩១១៤ករណីហើយ បើតាមតួលេខចេញដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។ តួលេខថ្មីត្រឹមតែជាងបួនរយករណីនេះ ជាតួលេខទាបជាងគេបង្អស់ថ្មីក្នុងរយពេលដល់ទៅ៤១ថ្ងៃចុងក្រោយនេះ ដែលកូរ៉េខាងត្បូងរងគ្រោះដោយរលកទី៣ នៃការផ្ទុះជំងឺកូវីដ-១៩។

តួលេខនេះ គឺទាបជាងគេចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំមុន ដែលកាលនោះចំនួនករណីឆ្លងប្រចាំថ្ងៃស្ថិតក្នុងចន្លោះត្រឹមប្រហែល៤០០ករណីប៉ុណ្ណោះ ហើយតួលេខនេះក៏ជាតួលេខចុះច្រើនពីចំនួនករណីសរុប៦៦៥ករណី កាលពីថ្ងៃអាទិត្យម្សិលមិញ ៦៤១ករណីកាលពីថ្ងៃសៅរ៍ និង៦៧៤ករណីកាលពីថ្ងៃសុក្រផងដែរ។ យ៉ាងណាមិញ ក៏មានការបញ្ជាក់ថាតួលេខឆ្លងថ្មីតិចនេះ ក៏ដោយសារតែមានការថយចុះនៃចំនួនធ្វើតេស្តក្នុងអំឡុងពេលចុងសប្តាហ៍ផងដែរ។

សូមបញ្ជាក់ថា វិធានការគម្លាតសង្គមតឹងរ៉ឹងនៅតែបន្តអនុវត្តក្នុងទូទាំងប្រទេសកូរ៉េខាងត្បូង ដោយទីក្រុងសេអ៊ូល និងតំបន់ជុំវិញស្ថិតក្នុងវិធានការគម្លាតសង្គមកម្រិត២.៥ ខណៈតំបន់នានាទូទាំងប្រទេសនៅក្នុងវិធានការគម្លាតសង្គមកម្រិត២។ ក្នុងនោះដែរ វិធានការដទៃដូចជាការបន្តហាមឃាត់ការជួបជុំគ្នាលើសពីមនុស្ស៤នាក់ និងវិធានការផ្អាកដំណើរការអាជីវកម្មដែលមានហានិភ័យខ្ពស់មួយចំនួនធំ នៅតែបន្តអនុវត្តរហូតដល់ថ្ងៃទី១៧ មករា ២០២១ខាងមុខ និងកាលបរិច្ឆេទដទៃទៀតតាមការកំណត់កន្លងមក។

ក្នុងនោះដែរ អជ្ញាធរបញ្ជាក់ថា បើទោះបីជាករណីឆ្លងបន្តធ្លាក់ចុះ ជាលទ្ធផលយ៉ាងគាប់ប្រសើរ តែការបន្តអនុវត្តវិធានគម្លាតសង្គម និងត្រូវបន្តប្រុងប្រយ័ត្នចំពោះមេរោគកូរ៉ូណាប្រភេទបម្លែងខ្លួនថ្មី ដែលមកដល់ពីប្រទេសអង់គ្លេសផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *