លោកគីម ជុងអ៊ុន ក្លាយជា “អគ្គលេខាធិការ” បក្សពលករកូរ៉េខាងជើង ជាមុខតំណែងកំពូល យកមកប្រើប្រាស់ឡើងវិញ ក្រោយមានការសម្រួលរចនាសម្ព័ន្ធគណបក្ស

កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានតែងតាំងក្លាយជា អគ្គលេខាធិការ ជាតំណែងកំពូលនៃគណបក្សកុំម្មុយនីស្តរបស់រដ្ឋកូរ៉េខាងជើង​មួយនេះ នេះបើតាមការរាយការណ៍របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទនេះ។

ការតែងតាំងថ្មីនេះ ធ្វើឡើងក្នុងអំឡុងនៃកិច្ចប្រជុំមហាសន្និបាតកំពូលនៃគណបក្សពលករកូរ៉េខាងជើង ដែលបានរៀបចំធ្វើឡើងតាំងពីថ្ងៃអង្គារសប្តាហ៍មុន មកដល់ថ្ងៃនេះ ជាកិច្ចប្រជុំកំពូលធំបំផុតរបស់គណបក្សកុំម្មុយនីស្តកូរ៉េខាងជើង ដែលគណបក្សនឹងធ្វើការសម្រេចប្រកាស និងដាក់ចេញនូវគោលនយោបាយជាតិធំៗសម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់។

បើតាមប្រភពព័ត៌មាននេះ មុខតំណែង “អគ្គលេខាធិការ” នេះត្រូវបានបង្កើតយកមកប្រើប្រាស់វិញក្រោយពីរដ្ឋកូរ៉េខាងជើងបានលុបចោលមុខតំណែងនេះកាលពីឆ្នាំ២០១៦កន្លងមក ជំនួសដោយមុខតំណែង “ប្រធានគណបក្ស” វិញ។ ការបង្កើតមុខតំណែងនេះយកមកប្រើប្រាស់វិញនេះ គឺដោយសារតែមានការសម្រួលរចនាសម្ព័ន្ធដឹកនាំបក្ស ដោយបង្កើតឱ្យប្រើប្រាស់វិញនូវប្រព័ន្ធលេខាធិការ។

សូមបញ្ជាក់ថា មុខតំណែង “អគ្គលេខាធិការ” នេះកាលពីមុនត្រូវបានគ្រប់គ្រងដោយអតីតមេដឹកនាំកំពូលលោក គីម ជុងអ៊ីល ដែលក្រោយមកត្រូវបានផ្ទេរជូនកូនរបស់គាត់លោក គីម ជុងអ៊ុននេះឯង។

Leave a Reply

Your email address will not be published. Required fields are marked *