កូរ៉េខាងត្បូង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហៅសហរដ្ឋអាម៉េរិកថាជា “សត្រូវធំបំផុត” របស់កូរ៉េខាងជើង និងគម្រាមថាបន្តបង្កើនសមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត នេះបើតាមការរាយការណ៍ពីសារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើង នៅព្រឹកថ្ងៃសៅរ៍នេះ។
ការលើកឡើងបែបនេះរបស់មេដឹកនាំកំពូលនៃរដ្ឋកុំម្មុយនីស្តនេះ ធ្វើឡើងក្នុងឱកាសមហាសន្និបាតលើកទី៨ នៃបក្សពលករកូរ៉េខាងជើង ដែលជាឱកាសសម្រាប់មេដឹកនាំកំពូលកូរ៉េខាងជើង ដាក់ចេញនូវផែនការធំៗសម្រាប់ជាទិសដៅនៃការដឹកនាំប្រទេសសម្រាប់ពេលខាងមុខ។ លោក គីម ជុងអ៊ុន លើកឡើងថាគោលនយោបាយអាម៉េរិកចំពោះប្រទេសកូរ៉េខាងជើង នៅតែដដែលជាដដែល ទោះជារដ្ឋបាល ឬប្រធានាធិបតីណាឡើងមកថ្មីក៏ដោយ ហើយបានបញ្ជាក់ថាទាល់តែសហរដ្ឋអាម៉េរិកផ្លាស់ប្តូរជំហរគោលនយោបាយរឹងទទឹងរបស់ខ្លួន ជាមួយកូរ៉េខាងជើង ទើបទំនាក់ទំនងប្រទេសទាំងពីរអាចប្រសើរឡើងបាន។
លោកគីម ជុងអ៊ុនបានលើកឡើងទៀតថា សម្រាប់ពេលខាងមុខ សកម្មភាព និងគោលនយោបាយការបរទេសអាទិភាពរបស់កូរ៉េខាងជើង គឺត្រូវ “ផ្តោតលើការពង្រឹងខ្លួនឱ្យខ្លាំងជាងសហរដ្ឋអាម៉េរិក ដែលជាឧបសគ្គ និងជាសត្រូវធំជាងគេបំផុត សម្រាប់ការពង្រឹងបដិវត្តន៍របស់យើង” តាមការបញ្ជាក់ក្នុងសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ ការលើកឡើងបែបនេះ សំដៅដល់ការបន្តពង្រឹងសមត្ថភាពយោធា និងជាពិសេសគឺសមត្ថភាពនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ការលើកឡើងបែបនេះ គឺសំដៅដល់ការផ្លាស់ប្តូររដ្ឋបាលថ្មីនៅសហរដ្ឋអាម៉េរិក ដែលលោកប្រធានាធិបតីជាប់ឆ្នោតថ្មី ចូ បៃដិន នឹងឡើងជាប្រធានាធិបតីជំនួសឱ្យលោក ដូណាល់ ត្រាំ ដែលកម្មវិធីផ្ទេរតំណែងផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។ លោកប្រធានាធិបតីជាប់ឆ្នោតថ្មី ចូ បៃដិន ធ្លាប់បានលើកឡើងថា គាត់នឹងមិនជួបជាមួយមេដឹកនាំកូរ៉េខាងជើងដាច់ខាត ប្រសិនបើមិនមានការធ្វើសម្បទានសមស្របណាមួយចំពោះដំណើរការរំសាយអាវុធនុយក្លេអ៊ែរពីសំណាក់រដ្ឋកុំម្មុយនីស្តមួយនេះ ហើយបានបញ្ជាក់ច្បាស់ៗថាគោលនយោបាយអាម៉េរិកចំពោះកូរ៉េខាងជើង នឹងជាគោលនយោបាយផ្អែកលើគោលការណ៍ច្បាស់លាស់ ខុសពីគោលនយោបាយជំនាន់លោក ដូណាល់ ត្រាំ ដែលបែរជាផ្តល់នូវធម្មានុរូបភាព (ភាពស្របច្បាប់) ដល់មេដឹកនាំផ្តាច់ការនៃរបបកូរ៉េខាងជើងទៅវិញ។
កន្លងមក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ មេដឹកនាំកំពូលទាំងពីរបានជួបគ្នាចំនួន៣លើកជាប្រវត្តិសាស្រ្ត ប៉ុន្តែដំណើរការនៃកិច្ចពិភាក្សាលើការរំសាយអាវុធនុយក្លេអ៊ែរហាក់បន្តជាប់គាំងតាំងពីជំនួបចុងក្រោយ នៅទីក្រុងហាណូយ កាលពីឆ្នាំ២០១៩កន្លងមក។
សូមបញ្ជាក់ថា មហាសន្និបាតលើកទី៨ នៃបក្សពលករកូរ៉េខាងជើងនេះ ចាប់ផ្តើមតាំងពីថ្ងៃអង្គារ ហើយបន្តដល់ថ្ងៃសៅរ៍នេះដែលជាថ្ងៃទី៥ហើយ។ ក្នុងនោះដែរ គេចាប់អារម្មណ៍នឹងការលើកឡើងមួយទៀតរបស់លោក គីម ជុងអ៊ុន ដែលថាលោកនឹងធ្វើឱ្យកូរ៉េខាងជើង ស្គាល់នូវ “សករាជមាស” ដោយនឹងធ្វើកំណែទម្រង់លើវិស័យជាច្រើនក្នុងនោះរួមមាន វិស័យអប់រំ សុខភាពសាធារណៈ អក្សរសាស្ត្រ និងសិល្បៈជាដើម។