រដ្ឋសភាកូរ៉េខាងត្បូង អនុម័តច្បាប់ថ្មី លើកកម្ពស់សុវត្ថិភាពកន្លែងការងារ បង្កើនទោសទ័ណ្ឌ និងផាកពិន័យនិយោជក ក្នុងករណីមានគ្រោះថ្នាក់ការងារកើតឡើង

កូរ៉េខាងត្បូង៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋសភាជាតិកូរ៉េខាងត្បូងបានអនុម័តនូវសេចក្តីព្រាងច្បាប់ថ្មី ដ៏មានសារៈសំខាន់មួយ ដើម្បីបង្កើនការដាក់ទោស និងផាកពិន័យលើភាគីនិយោជក (ម្ចាស់ក្រុមហ៊ុន ម្ចាស់ការងារ) ក្នុងករណីដែលមានគ្រោះថ្នាក់ការងារ អាចបង្កឱ្យការខូចខាត ឬបាត់បង់ជីវិតបុគ្គលិករបស់ខ្លួន រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តាមរយៈច្បាប់ថ្មីនេះ ម្ចាស់ក្រុមហ៊ុន កន្លែងការងារ ឬយើងស្គាល់ថាជានិយោជក នឹងត្រូវពិន័យជាប់ឃុំឃាំងយ៉ាងតិច ១ឆ្នំា ឬត្រូវបង់ផាកពិន័យលើសពី ១ប៊ីលានវ៉ុន (ប្រមាណជិត១លានដុល្លារ) ក្នុងករណីដែលមានគ្រោះថ្នាក់ការងារដែលបណ្តាលមកពីកង្វះខាតនៃវិធានការសុវត្ថិភាពនានានៅកន្លែងការងារនោះ។ ចំពោះក្រុមហ៊ុនសហគ្រាសធំៗវិញ អាចនឹងរងការផាកពិន័យគុណនឹងប្រាំដង ដែលអាចលើសពី៥ប៊ីលានវ៉ុនឯណោះ។

ច្បាប់ថ្មីនេះ ត្រូវអនុវត្តដោយលើកលែងចំពោះម្ចាស់ការងារ និយោជកណាដែលមានកម្មករ ឬបុគ្គលិកតិចជាង៥នាក់ ហើយចំពោះនិយោជកណាដែលមានបុគ្គលិកតិចជាង៥០នាក់ នឹងត្រូវផ្តល់រយៈពេលសម្របទៅនឹងគោលការណ៍ថ្មីនេះ រយៈពេល៣ឆ្នាំ ទើបគោលការណ៍នេះចាប់ផ្តើមអនុវត្តដោយមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ន យ៉ាងណាមិញ ក្រុមហ៊ុន ឬនិយោជកដែលមានបុគ្គលិក កម្មករតិចជាង ៥នាក់នោះ មានដល់ទៅ៨០% នៃក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេស។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានស្នើដោយគណបក្សយុត្តិធម៌ ជាគណបក្សភាគតិចក្នុងរដ្ឋសភា ក្នុងគោលបំណងដើម្បីបង្ការការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ បណ្តាលមកពីកង្វះខាតវិធានការសុវត្ថិភាពត្រឹមត្រូវ ដោយដាក់បន្ទុកទំនួលខុសត្រូវទៅលើម្ចាស់ក្រុមហ៊ុន ឬនិយោជក។ សេចក្តីព្រាងច្បាប់នេះ គេស្គាល់ខ្លីថា ច្បាប់ស្តីពីគ្រោះថ្នាក់ធ្ងន់ធ្ងរ (Severe Disaster Law) ហើយត្រូវបានអនុម័តយល់ព្រមក្នុងអង្គប្រជុំនៃរដ្ឋសភាដោយសម្លេងគាំទ្រ ១៦៤ សម្លេង ទល់នឹងសម្លេងប្រឆាំង ៤៤ សម្លេង ខណៈដែល ៥៨សម្លេងទៀតធ្វើអនុប្បវាទ (មិនសម្តែងមតិ)។

ចំពោះច្បាប់ថ្មីនេះ ក៏មានការសម្តែងមតិមិនពេញចិត្តពីសំណាក់ម្ចាស់អាជីវកម្មនានា ដោយលើកឡើងថាច្បាប់នេះនឹងប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ច និងដល់ក្រុមហ៊ុន ឬទីតាំងអាជីវកម្មរបស់ខ្លួន ដោយសារតែច្បាប់នេះអនុម័តឡើងដោយមិនមានការពិគ្រោះយោបល់ឱ្យបានស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធនានានោះទេ។

ព័ត៌មានបន្ថែម និងលម្អិតអំពីច្បាប់ថ្មីនេះ នឹងមានជម្រាបជូននាពេលក្រោយទៀត។

Leave a Reply

Your email address will not be published. Required fields are marked *